ព័ត៌មានអន្តរជាតិ

យូអិន ស្វាគមន៍ការដោះលែងកូនប្រុស លោកកាដាហ្វី និងមន្រ្តីអតីតរបប ជាច្រើនរូបទៀត នៅក្នុងប្រទេសលីប៊ី

យូអិន៖ បេសកកម្មគាំទ្រ របស់អង្គការសហប្រជាជាតិនៅលីប៊ី (UNSMIL) បានកោតសរសើរ ចំពោះការសម្រេចចិត្តរបស់អាជ្ញាធរលីប៊ី ក្នុងការដោះលែងអាល់សាដាឌី កាដាហ្វីកូនប្រុសរបស់អតីត មេដឹកនាំលោក មួម៉ា កាដាហ្វី ដែលត្រូវបានផ្តួលរំលំ និងសម្លាប់កាលពីឆ្នាំ២០១១ រួមជាមួយមន្រ្តីដទៃទៀត នៃអតីតរបបនេះ។

បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅលីប៊ី កត់សំគាល់ពីការដោះលែងលោក អាល់សាដាឌី កាដាហ្វី នៅថ្ងៃទី០៥ ខែកញ្ញា រួមជាមួយលោកអាម៉េដ រ៉ាម៉ាដាន និងមន្ត្រី ៦ នាក់ផ្សេងទៀតនៃអតីតរបប ដែលត្រូវបានឃុំខ្លួនអស់រយៈពេល ៧ ឆ្នាំ ឬច្រើនជាងនេះ។ UNSMIL បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដោះលែងលោក កាដាហ្វី គឺអនុលោមតាមបទបញ្ជាផ្លូវច្បាប់បន្ទាប់ពីតុលាការលីប៊ី ដោះលែងលោកក្នុងឆ្នាំ២០១៩ ។

បេសកកម្មបានពិពណ៌នាការចេញផ្សាយនេះថាជាជំហានដ៏សំខាន់ឆ្ពោះទៅរកការគោរពនីតិរដ្ឋ និងសិទ្ធិមនុស្ស និងការវិវត្តវិជ្ជមាន ដែលអាចរួមចំណែកដល់ដំណើរការផ្សះផ្សារជាតិ ដោយផ្អែកលើសិទ្ធិ និងជំរុញការរួបរួមជាតិបន្ថែមទៀត។

សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងទៀតថា“ ក្នុងន័យនេះ UNSMIL សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលរួបរួមជាតិ ក្រុមប្រឹក្សាប្រធានាធិបតី និងអាជ្ញាធរតុលាការ ហើយសូមបញ្ជាក់ជាថ្មី អំពីការអំពាវនាវ របស់ខ្លួនដល់អាជ្ញាធរលីប៊ី ឱ្យដោះលែងមនុស្សរាប់ពាន់នាក់ ដែលនៅតែត្រូវបានឃុំឃាំង តាមអំពើចិត្តនៅតាមកន្លែងនានា នៅទូទាំងប្រទេសលីប៊ី” ។

ក្រុមប្រឹក្សាប្រធានាធិបតី បានប្រកាសផែនការដោះលែង អ្នកទោសទាំងអស់ ដែលតុលាការដោះលែងជាផ្នែកមួយ នៃយុទ្ធនាការផ្សះផ្សា ដ៏ទូលំទូលាយ នៅក្នុងប្រទេសលីប៊ី៕

ដោយ ឈូក បូរ៉ា

To Top