ព័ត៌មានអន្តរជាតិ

តួកគី-អេហ្ស៊ីប បញ្ចប់កិច្ចចរចាជុំទី២ ស្ដីពីការធ្វើឲ្យ មានប្រក្រតីភាព នៃទំនាក់ទំនងទ្វេភាគីឡើងវិញ

អង់ការ៉ា៖ ប្រទេសតួកគី និងអេហ្ស៊ីប បានបញ្ចប់កិច្ចចរចាជុំទី២ ដើម្បីផ្សះផ្សាចំណងទាក់ទងទ្វេភាគី កាលពីថ្ងៃពុធហើយបានយល់ព្រម ​បន្តការពិគ្រោះយោបល់ ផ្នែកនយោបាយបន្ដទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

សេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរមួយ ដោយក្រសួងការបរទេសតួកគី បានឲ្យដឹងបន្ទាប់ពីកិច្ចចរចា រយៈពេលពីរថ្ងៃថា“ ភាគីទាំងពីរបានយល់ព្រម បន្តការពិគ្រោះយោបល់ទាំងនេះ ដោយបញ្ជាក់ពីបំណង ក្នុងការធ្វើឱ្យមានភាព ជឿនលឿននៅក្នុងវិស័យ ដែលកំពុងពិភាក្សា និងតម្រូវការសម្រាប់ជំហានបន្ថែមទៀត ដើម្បីជួយសម្រួលទំនាក់ទំនងទ្វេភាគី ឱ្យមានភាពប្រក្រតីឡើងវិញ” ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា កិច្ចប្រជុំពិគ្រោះយោបល់ជុំទី ២ ត្រូវបានធ្វើឡើង រវាងគណៈប្រតិភូមកពីភាគី ដែលបានដោះស្រាយបញ្ហាទ្វេភាគី ក៏ដូចជាប្រធានបទក្នុងតំបន់មួយចំនួន ដូចជាស្ថានភាពនៅលីប៊ី ស៊ីរី ប៉ាឡេស្ទីន និងមេឌីទែរ៉ាណេខាងកើត។

កាលពីថ្ងៃទី៥ ខែឧសភា ប្រទេសទាំងពីរបានរៀបចំ កិច្ចចរចារប្រក្រតីភាពជុំទីមួយ នៅរដ្ឋធានីគែរ ប្រទេសអេហ្ស៊ីប ដែលជាកិច្ចប្រជុំជាន់ខ្ពស់ផ្ទាល់លើកដំបូង ដែលភាគីទាំងពីរបានរៀបចំ ឡើងចាប់តាំងពីឆ្នាំ២០១៣ ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងអង់ការ៉ា និងទីក្រុងគែរ បានធ្លាក់ចុះក្នុងឆ្នាំ២០១៣ បន្ទាប់ពីការបណ្តេញ អតីតប្រធានាធិបតីអេហ្ស៊ីបលោក ម៉ូហាម៉េដ មួរស៊ី ចេញពីតំណែង ដែលត្រូវបានគាំទ្រ ដោយប្រទេសតួកគី ៕

ដោយ ឈូក បូរ៉ា

To Top