ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញក្តីសង្ឃឹមថា នីតិវិធីដឹកជញ្ជូនទំនិញឆ្លងកាត់ ប្រទេសវៀតណាម អាចនឹងធូរស្រាលជាងមុខ ក្រោយពីលោកធ្វើរបាយការណ៍ជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អំពីទុក្ខលំបាកនូវការរៀបចំ នីតិវិធីដឹកជញ្ជូនទំនិញ ឆ្លងកាត់វៀតណាម។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធ ចំណងផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ របស់កំពង់ផែស្វយ័តភ្នំពេញ នាថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងថា លោកធ្វើលិខិតជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ឲ្យលោកធ្វើលិខិតបន្តទៅ រដ្ឋមន្ដ្រីពាណិជ្ជកម្មវៀតណាម ដើម្បីពិនិត្យលើការដឹកជញ្ជូនឆ្លងកាត់ តាមប្រទេសវៀតណាម កាត់បន្ថយនីតិវិធីលំបាកនៅទល់ដែន។
លោកបានរំលឹកថា លោកបានជួបរដ្ឋមន្ដ្រី ដឹកជញ្ជូនវៀតណាម ក៏បានពិភាក្សាគ្នា អំពីការលំបាកបំពេញបែបបទ និងការត្រួតពិនិត្យតាម ទល់ដែនវៀតណាម វាខុសនឹងកិច្ចព្រមព្រៀងចំនួន២ ដែលបានចុះហត្ថលេខារវាង កម្ពុជា-វៀតណាម រួមមាន ៖ កិច្ចព្រមព្រៀមដឹកជញ្ជូនតាមផ្លូវទឹក និងកិច្ចព្រមព្រៀមដឹកទំនិញឆ្លងកាត់។
លោកបញ្ជាក់ថា «ខ្ញុំបាទបានធ្វើរបាយការណ៍ អំពីការលំបាករបស់កំពង់ផែជូនទៅ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យលោកជ្រាបអំពីការ លំបាករបស់យើង។ ចឹងសម្ដេច លោកបានជ្រាបហើយ អំពីការលំបាកអំពីនីតិវិធី ចឹងសង្ឃឹមថា នីតិវិធីបែបបទ ការដឹកទំនិញឆ្លងកាត់ ប្រទេសវៀតណាម អាចធូរស្រាល ក្នុងពេលឆាប់ៗខាងមុខនេះ»។
លោកទេសរដ្ឋមន្ដ្រី រៀបរាប់ថា ការងារនេះមានសារសំខាន់ ដោយត្រូវរកនីតិវិធីសម្របសម្រួល បើមិនដូច្នេះទេ ការដឹកជញ្ជូនតាមផ្លូវទឹក គ្មានប្រសិទ្ធភាពឡើយ។ លោកថា បើទំនិញចេញ-ចូល ស្ទះនៅព្រំដែនកម្ពុជា-វៀតណាម ដោយសារនីតិវិធីលំបាក ក៏គ្មានការដឹកជញ្ជូនតាមផ្លូវទឹកនេះដែរ។
នាឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បានគាំទ្រឲ្យកំពង់ផែនរណប ដោយត្រៀមបង្កើត នាពេលឆាប់ៗខាងមុខនេះ ហើយកំពុងសិក្សាគ្នារវាង កំពង់ផែស្វយ័តភ្នំពេញ ជាមួយគ្នាដៃគូអភិវឌ្ឍន៍ឯកជន ទើបការដឹកជញ្ជូនតាមផ្លូវទឹកនេះ មានប្រសិទ្ធភាព ៕