ព័ត៌មានជាតិ

Breaking News: អូស្ត្រាលី ប្រកាសលួងចិត្ត អាស៊ាន ក្រោយចូលរួមបង្កើតសម្ព័ន្ធ អូស្រ្តាលី អាមេរិក និងអង់គ្លេស, ទិញនាវាមុជទឹក ដោយដើរថាមពល នុយក្លេអ៊ែរ

ភ្នំពេញ ៖ ឯកអគ្គរាជទូត អូស្ត្រាលី ប្រចាំ អាស៊ាន ប្រកាសឱ្យដឹងមុននេះបន្តិចថា ក្នុងនាម ជា ដៃគូ សន្ទនា ចំណាស់ជាងគេ របស់អាស៊ាន អូស្ត្រាលី ជាអ្នកគាំទ្រ ដ៏ខ្ជាប់ខ្ជួន ដល់អា ស៊ានជាស្នូល ក្រោយពីខ្លួនបានប្រកាសបង្កើត ភាពជាដៃគូ សន្តិសុខ កាន់តែមាំ ជាងមុន រវាងអូស្ត្រាលី ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក ហៅថា AUKUS ដែល នឹង អនុញ្ញាត ឱ្យ អូស្រ្តលី ចែករំលែក បច្ចេកវិទ្យា និង សមត្ថភាព កាន់តែ ប្រសើរជាងមុន ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅមុននេះ បន្តិចឱ្យដឹងថា “យើងគាំទ្រ តំបន់ ដែលបើកចំហ ប្រកបដោយបរិយាបន្ន និង មានវិបុលភាព ដោយមានអាស៊ាន ជាបេះដូង ស្របតាមគោលបំណង និង គោលការណ៍ នៃ ចក្ខុវិស័យអាស៊ាន ស្តីអំពី ឥណ្ឌូ – ប៉ាស៊ីហ្វិក ។ ការប្តេ ជ្ញាចិត្ត របស់យើង ចំពោះអាស៊ាន ជាស្នូល នៅតែមានភាពរឹងមាំ ដូចមុន បន្ទាប់ពី មានការ ប្រកាសថា យើង នឹងបង្កើតភាព ជាដៃគូ សន្តិសុខ កាន់តែមាំ ជាងមុន ររវាងអូស្ត្រាលី ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក ហៅថា AUKUS ដែល នឹង អនុញ្ញាត ឱ្យ យើង ចែករំលែក បច្ចេកវិទ្យា និង សមត្ថភាព កាន់តែ ប្រសើរ ជាង មុន “។

ការអត្ថាធិប្បាយនេះ ត្រូវគេកត់សម្គាល់ ថាធ្វើឡើងក្រោយ ពីប្រទេសយ៉ាងតិចចំនួន នៅក្នុងអាស៊ាន គឺប្រទេសម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី បានសម្តែងការមិនពេញចិត្ត ចំពោះទង្វើរបស់ប្រទេស អូស្រ្តាលី ក្នុងការបង្កើតសម្ព័ន្ធភាព អូស្រ្តាលី អាមេរិក និងអង់គ្លេស និង ការទិញនាវាមុជទឹក ដោយដើរថាមពលនុយក្លេអ៊ែរ ពីអាមេរិក។

យើង ប្តេជ្ញា បន្តពង្រឹងតំបន់ ដែលមានសន្តិភាព និងសន្តិសុខ ដែលមានអាស៊ាន ជាស្នូល របស់ខ្លួន ព្រមទាំង បំពេញបន្ថែម និង ពង្រឹង ក្របខ័ណ្ឌដឹកនាំដោយ អាស៊ាន ដែលមាន រួចមកហើយ ។ ក្នុងនាមជា ប្រទេស ដែលមានមហាសមុទ្របី ពឹងផ្អែក លើពាណិជ្ជកម្ម អន្តរជាតិ តាមសមុទ្រសមត្ថភាព កងទ័ពជើងទឹក របស់យើង មានសារៈសំខាន់ណាស់ ចំពោះប្រទេសអូស្ត្រាលី ។ សម្រាប់គំនិតផ្តួចផ្តើ ម ដំបូងក្រោម ភាពជាដៃគូ AUKUS អូស្ត្រាលី នឹងសាងសង់កងនាវាមុជទឹក ដើរដោយ ថាមពលនុយក្លេអ៊ែរ ដោយប្រើប្រាស់ ជំនាញមកពី សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស ។

ខណៈ នាវាមុជទឹកទាំងនេះ នឹងដើរដោយ ថាមពលនុយក្លេអ៊ែរ នាវាទាំងនេះ នឹងមិនមានផ្ទុក អាវុធនុយក្លេអ៊ែរ ឡើយ ។ អូស្ត្រាលី មិនមាន និងមិនស្វែងរក អាវុធបែបនេះ ឡើយ ។ យើង ក៏មិនបង្កើត សមត្ថភាព នុយក្លេអ៊ែរស៊ីវិល ដែរ ។ អូស្ត្រាលី នៅតែបន្តគាំទ្រ ចំពោះ សន្ធិសញ្ញា មិនរីកសាយភាយ ( Non – Proliferation Treaty , NPT ) ។ អូស្ត្រាលី នឹង ធ្វើការយ៉ាងជិតស្និទ្ធ ជាមួយទីភ្នាក់ងារ ថាមពល បរិ មាណូអន្តរជាតិ ដើម្បីធានា ឱ្យបានពេញលេញ នូវកាតព្វកិច្ច របស់យើង ចំពោះសន្ធិសញ្ញា NPT ក្នុងនាមជាប្រទេស ដែលគ្មានអាវុធនុយក្លេអ៊ែរ ។ យើងនៅតែប្តេជ្ញា ពង្រឹងទំនុកចិត្ត អន្តរជាតិលើ សុចរិត ភាពនៃ របបមិនរីកសាយភាយ អន្តរជាតិ និងដើម្បីគាំទ្រភាពជាអ្នកដឹកនាំ សកល របស់យើង នៅក្នុងវិស័យនេះ ។ ក្នុងនាម ជាភាគីនៃសន្ធិសញ្ញា តំបន់គ្មានអាវុធនុយក្លេអ៊ែរ ប៉ាស៊ីហ្វិកខាងត្បូង អូស្ត្រាលី យល់ពីសារសំខាន់ ដ៏សំខាន់ របស់សន្ធិសញ្ញាតំបន់ គ្មានអាវុធនុយក្លេអ៊ែរ អាស៊ីអាគ្នេយ៍ ចំពោះបណ្តាប្រទេស នៅអាស៊ីអាគ្នេយ៍ ។ អូស្ត្រាលី គ្រប់ពេល នឹងធានាថា សកម្មភាពរបស់យើង គាំទ្រ សន្ធិសញ្ញា សំខាន់ៗទាំងនេះ ។ អូស្ត្រាលី ជាអ្នកគាំទ្រ ដ៏រឹងមាំ នៃសណ្ដាប់ធ្នាប់ ដែនសមុទ្រ ដែលមានច្បាប់។ យើងគាំទ្រប្រទេស ទាំងអស់ ដែលអាចអនុវត្តសិទ្ធិ និង សេរីភាព របស់ពួកគេ ស្របតាមអនុសញ្ញា អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ។ អូស្ត្រាលី នឹងបន្តភាពជាដៃគូ ជាមួយសមាជិក អាស៊ាន រួម ទាំងការអភិវឌ្ឍធនធានសមុទ្រ ប្រកបដោយនិរន្តរភាព និងការប្រយុទ្ធប្រឆាំង បញ្ហាប្រឈមនានា ដូចជា ការនេសាទ ដែលខុសច្បាប់ គ្មានច្បាប់កំណត់ និង គ្មានការរាយការណ៍ ដែលដឹកនាំដោយចក្ខុវិស័យ អាស៊ានស្តីអំពីឥណ្ឌូ-ប៉ាស៊ីហ្វិក ។ ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ វិជ្ជមាន ជាបេះដូងនៃវិធី សាស្រ្ត របស់ អូស្ត្រាលី ទៅកាន់តំបន់ ។

មន្តី្រដដែល បញ្ជាក់ផងដែរថា ភាពជាដៃគូអាស៊ាន-អូស្ត្រាលី បានរីកចម្រើន គួរឱ្យកត់សម្គាល់ កាលពីឆ្នាំមុន ដោយមានកិច្ចព្រមព្រៀង ក្នុងការតំឡើង កិច្ចប្រជុំរបស់ថ្នាក់ដឹកនាំ ទៅជាកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ព្រមទាំងកិច្ចសហប្រតិបត្តិការថ្មី ដើម្បីគាំទ្រ ដល់ការឆ្លើយតប លើសុខាភិបាល ប្រកបដោយប្រសិទ្ធភាព ចំពោះ ជំងឺរាតត្បាត រួមមាន ទាំងការទទួលបាន វ៉ាក់សាំងប្រកបដោយ សុវត្ថិភាព ប្រសិទ្ធភាព និង វិថី ទៅកាន់ការស្តារសេដ្ឋកិច្ច ឡើងវិញ ។ អូស្ត្រាលី មានមោទនភាព ចំពោះ ការ ប្តេជ្ញាចិត្ត របស់យើង ក្នុងការផ្តល់វ៉ាក់សាំង យ៉ាងតិចណាស់ ២០លានដូស ដល់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក និង ជំនួយបន្ថែម ចំនួន៦២៣លាន ដុល្លារ អូស្ត្រាលី ដើម្បីគាំទ្រ ដល់បណ្តាប្រទេស នៅទូទាំង ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងការទិញ និងចែកចាយ វ៉ាក់សាំង ទៅប្រជាជន របស់ ឮពួកគេ ។ អូស្ត្រាលី ជាអ្នកគាំទ្រ ដ៏រឹងមាំចំពោះ ទស្សនវិស័យអាស៊ាន ស្តីអំពីឥណ្ឌូ-ប៉ាស៊ីហ្វិក ។

លោក បន្ថែមថា “យើង ប្តេជ្ញាចិត្ត ចំពោះគោលការណ៍នានា នៅក្នុងទស្សនវិស័យនេះ រួមមាន អាស៊ាន ជាស្នូល ការបើកចំហ តម្លាភាព បរិយាបន្ន ភាព អភិបាលកិច្ចល្អ ក្របខ័ណ្ឌផ្អែកលើច្បាប់ ព្រមទាំង ការគោរព អធិបតេយ្យភាព និង ច្បាប់អន្តរជាតិ ។ ហើយ យើង ក៏ប្តេជ្ញាបន្តកិច្ច សហប្រតិបត្តិការ ជាក់ស្តែង ក្រោមវិស័យ ទាំងបួននៃ​ទស្សនវិស័យ នេះ គឺដែនសមុទ្រ ការតភ្ជាប់ គោលដៅអភិវឌ្ឍន៍ ប្រកបដោយ ចីរភាព និង ការអភិវឌ្ឍសេដ្ឋកិច្ច”។

លោក Will Nankervis បន្ថែមថា “យើង ចូលរួមយ៉ាងសកម្ម ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិ អាស៊ាន បូករួមទាំង កិច្ចសហប្រតិបត្តិការ ដ៏ មានតម្លៃ និងយ៉ាងសកម្ម របស់យើង នៅក្នុងវិស័យនានា ដូចជា វេជ្ជសាស្ត្រ យោធា ប្រតិបត្តិការ រក្សា សន្តិភាព សន្តិសុខ ដែនសមុទ្រ និងការប្រឆាំងភេរវកម្ម ។ អូស្ត្រាលី ក៏ប្ដេជ្ញា ប្រកាន់ខ្ជាប់ នូវកាតព្វកិច្ច របស់យើង ក្រោមសន្ធិសញ្ញា មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដូចដែលយើង បានចូលរួម តាំងពីឆ្នាំ ២០០៥មក និង ធ្វើការជាមួយអាស៊ាន ក៏ដូចជា ប្រទេសជាសមាជិក ដើម្បីជំរុញសន្តិភាព និង វិបុលភាព នៅក្នុងតំបន់ របស់យើង ។ យើង ធ្វើដូចនេះ ដើម្បីយើងទាំងអស់គ្នា អាចរីកចម្រើន និង ជឿនលឿន ទៅមុខ នៅក្នុងតំបន់ ដែលបើកចំហ មានស្ថិរភាព និងបរិយាបន្ន ដែលមានអាស៊ាន ជាស្នូល ។

ដោយៈ សយ សុភា

To Top