ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អ្វីដែលកម្ពុជា ចង់បានកិច្ចសហការ ប្រតិបត្តិការ ជាមួយអង្គការសហប្រជាជាតិ (UN) នោះ គឺជំនឿជឿជាក់លើគ្នាទៅវិញទៅមក ប្រកបដោយការស្ថាបនាឈានឆ្ពោះទៅមុខ លើបញ្ហាសិទ្ធិមនុស្ស។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធមនុស្សប្រចាំកម្ពុជា បានស្នើ សម្ដេចតេជោ លើករណី ចំនួន៤ រួមមាន ៖ ទី១-គឺជាអាទិភាពរបស់កម្ពុជាលើបញ្ហាសិទ្ធិមនុស្ស ,ទី២-មេរៀនដែលរៀនបានពីជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ ,ទី៣-ករណីពង្រីកលំហសេដ្ឋកិច្ច សង្គមស៊ីវិល និងនយោបាយ និងទី៤-សូមគោរពស្វែងយល់អំពី សម្ដេចតេជោ នូវអ្វីដែលលោក គួរធ្វើដើម្បីគាំទ្រដល់កម្ពុជាលើវិស័យសិទ្ធិមនុស្ស។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អាទិភាពរបស់កម្ពុជា តាំងពីដើមរហូតមកដល់ពេលនេះ គឺសិទ្ធិរស់រានមានជីវិតរបស់កម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញផងស្របតាមអនុសញ្ញាអន្តរជាតិផង ហើយដើម្បីរក្សានូវសិទ្ធិរស់រានមានជីវិតនេះ កម្ពុជាត្រូវដាច់ខាតរក្សាឲ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម រួមជាមួយការចាក់ស្រោចវ៉ាក់សាំង ដល់ប្រជាជនកម្ពុជាផងដែរ។
សម្ដេចតេជោ បានបន្ដថា កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជាប់ទោសស្រាលជាស្ត្រី និងអ្នកដែលមានកូនជាដើម តាមរយៈការរៀបចំកន្លែងថ្មីជូនគាត់ ឬក៏ជូនគាត់ទៅកន្លែងថ្មីចៀសវាងការឆ្លងនូវជំងឺកូវីដ-១៩ ។ លើសពីនេះទៅទៀត កម្ពុជាក៏មិនមើលរំលងអ្នកជាប់ទោសទាំងអស់នោះដែរ គឺកម្ពុជាបានផ្ដល់ការចាក់វ៉ាក់សាំងជូនពួកគាត់ ដូសទី១ និងដូសទី២ ហើយថែមទាំងកំពុងត្រៀមចាក់ដូសទី៣ ទៀតផង។
សម្ដេចតេជោ បានបញ្ជាក់ថា «កម្ពុជា គឺចង់មានបរិស្ថានសង្គមកិច្ច សេដ្ឋកិច្ច និងនយោបាយល្អ ជាមួយនឹងលំហរលទ្ធិប្រជាធិបតេយ្យ។ អ្វីដៃលកម្ពុជាចង់បានកិច្ចសហប្រតិបត្តិការជាមួយឯកឧត្តម វិទិត មុនតាប៊ន (Vitit Muntarbhorn) នោះគឺការបង្កើតបរិយាកាស ដែលមានជំនឿជឿជាក់លើគ្នាទៅវិញទៅមក ប្រកបដោយការស្ថាបនាឈានឆ្ពោះទៅមុខលើបញ្ហាសិទ្ធិមនុស្ស ដែលមិនទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមក»៕