ព័ត៌មានជាតិ

អគ្គរាជទូតអូស្ត្រាលី ប្រាប់រដ្ឋមន្ត្រីការងារកម្ពុជា ពីគម្រោងផ្តល់ទិដ្ឋាការ ផ្នែកកសិកម្ម

ភ្នំពេញ ៖ អគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជាលោក Pablo Chiho Kang នាពេលព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានចូលជួបលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សាពីចំណាប់អារម្មណ៍ របស់កម្ពុជាលើគម្រោង ទិដ្ឋាការកសិកម្មអូស្រ្តាលី ។

នាឱកាសនោះ អគ្គរាជទូតលើកឡើងថា រដ្ឋាភិបាលអូស្រ្តាលី គ្រោងផ្តល់ទិដ្ឋាការ ផ្នែកកសិកម្ម (Australian Agriculture Visa) សម្រាប់ប្រទេសដៃគូ របស់អូស្ត្រាលី ។ លោកថា ទិដ្ឋាការផ្នែកកសិកម្មនេះ មានលក្ខណៈបើកចំហរ ដល់ប្រទេសជាដៃ គូរបស់អូស្ត្រាលី ដោយប្រទេសអាស៊ាន ត្រូវចាត់ទុកជាប្រទេស គោលដៅសំខាន់។

ជាមួយគ្នានេះ ភាគីអូស្រ្តាលី បារម្ភខ្លាចក្រែងមានជន ឱកាសនិយមយកព័ត៌មាននេះ ទៅបំភ្លៃការពិត ហើយបោកបញ្ឆោត ពលករកម្ពុជា ក្នុងពេលដែលអូស្ត្រាលីមិន ទាន់អនុញ្ញាតជាផ្លូវការ ឱ្យកម្ពុជាបញ្ជូនបាននៅឡើយ។

ស្ថានទូតក៏មានការពេញចិត្ត ចំពោះក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចេញ សេចក្តីជូន ដំណឹងដើម្បីទប់ស្កាត់មិន ឲ្យមានការបោកប្រាស់ពលករកម្ពុជាដែលថា អូស្ត្រាលីបានផ្តល់ទិដ្ឋការ ការងារទៅធ្វើការខាង ផ្នែកកសិកម្ម ដោយភាគីទាំងពីរកំពុងស្ថិតក្នុងដំណាក់ការចរចា ដើម្បីបើកឱកាសការងារនេះ។

ខាងស្ថានទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា នឹងបន្តការងារជាមួយ អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានព័ត៌មាន គ្រប់ជ្រុងជ្រោយ សម្រាប់ស្នើសុំទៅ ទីក្រុងកង់បេរ៉ា ធ្វើការពិនិត្យសម្រេច ។

លោក អ៊ិត សំហេងរំពឹងថា ពលករកម្ពុជា ពិតជាអាចបម្រើការងារនេះ បានយ៉ាងល្អជូនដល់ និយោជករបស់អូស្ត្រាលី។ រដ្ឋមន្រ្តីបានស្នើសុំ អគ្គរាជទូត ពិចារណារផ្តល់ឱកាសជូនដល់ពលករកម្ពុជាបានចេញទៅធ្វើការនៅប្រទេសអូស្ត្រាលី ឲ្យបានចំនួនច្រើន ដូចកម្ពុជាបានបញ្ជូនទៅសាធារណរដ្ឋកូរ៉េដែរ ។ លោកថា បើអាចក្រៅពីផែ្នកកសិកម្ម សូមភាគីអូស្ត្រាលី ពិចារណាក្នុងការបើកឱកាស ជូនដល់ពលករកម្ពុជា ទៅធ្វើការផ្នែកសំណង់ សេវាកម្ម និងឧស្សាហកម្មផងដែរ ដើម្បីពួកគាត់ទទួលបាននូវ ប្រាក់ ចំណូលខ្ពស់ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាទទួលបាននូវ បទពិសោធន៍ថ្មីៗបន្ថែមទៀត ពីអូស្ត្រាលី ។

សូមបញ្ជាក់ថា គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី (Australian Agriculture Visa) ត្រូវបានប្រកាសកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្នុងនោះ អូស្រ្តាលីត្រូវការជ្រើសរើសពលករ ផ្នែកកសិកម្ម នេសាទនិងជលផល និងឧស្សាហកម្មធនធានដើម ។ គម្រោងទិដ្ឋាការ កសិកម្មអូស្ត្រាលីនេះ ស្រដៀងគ្នានឹងគម្រោង ការងារប៉ាស៊ីហ្វីក(Pacific Labour Scheme) ដោយពលករក្រោមគម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី អាចធ្វើការបានរហូត ដល់រយៈពេល ១ឆ្នាំ ដល់ ៣ឆ្នាំ ក្រោមការទទួលបន្ទុកដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ៕

To Top