ព័ត៌មានអន្តរជាតិ

ហុងគ្រី និងអ៊ុយក្រែន កោះហៅឯកអគ្គរដ្ឋទូតគ្នា ជុំវិញរឿងកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នរុស្ស៊ី

បរទេស៖ប្រទេសហុងគ្រីនិងប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារនេះ បានកោះហៅឯកអគ្គរដ្ឋទូតគ្នាទៅវិញទៅមក ជុំវិញការចុះហត្ថលេខារបស់ទីក្រុងប៊ុយដាប៉ែស លើកិច្ចព្រមព្រៀងឧស្ម័នរយៈពេលវែងថ្មីមួយ ជាមួយប្រទេសរុស្ស៊ី ដែលទីក្រុងគៀវគិតថា ជាការគម្រាមកំហែងមួយ ចំពោះសន្តិសុខជាតិខ្លួន។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសហុងគ្រី បានចោទប្រកាន់ប្រទេសអ៊ុយក្រែន ពីបទជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន កាលពីថ្ងៃចន្ទ បន្ទាប់ពីទីក្រុងគៀវបានរិះគន់ខ្លួន ជុំវិញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នធម្មជាតិរយៈពេល១៥ឆ្នាំថ្មី ជាមួយក្រុមហ៊ុនរុស្ស៊ី Gazprom។

រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ត្រូវបានកោះហៅ ជុំវិញអ្វីដែលលោកពិពណ៌នាថា ជាការប៉ុនប៉ងធ្វើឡើងដោយអ៊ុយក្រែន ដើម្បីរារាំងដល់កិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័ន។

ចំណែកក្រសួងការបរទេសអ៊ុយក្រែន បាននិយាយប្រាប់នៅថ្ងៃអង្គារនេះថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតហុងគ្រី ជុំវិញរឿងកិច្ចព្រមព្រៀងនោះ ហើយមន្ត្រីនាំពាក្យក្រសួងបាននិយាយដូច្នេះថា “ការដឹកជញ្ជូនឧស្ម័នឆ្លងកាត់តាមប្រទេសអ៊ុយក្រែន ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិនៃប្រទេសយើង និងសន្តិសុខថាមពលរបស់អឺរ៉ូប”៕ប្រែសម្រួល៖ប៉ាង កុង

To Top