ព័ត៌មានអន្តរជាតិ

អាមេរិក-រុស្ស៊ី បើកកិច្ចចរចាជុំទី២ លើស្ថេរភាព យុទ្ធសាស្រ្តទ្វេភាគី

វ៉ាស៊ីនតោន៖ ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បានរៀបចំជុំទីពីរនៃការសន្ទនា ស្ថិរភាពយុទ្ធសាស្ត្រទ្វេភាគីរបស់ពួកគេ នៅទីក្រុងហ្សឺណែវប្រហែលពីរខែ បន្ទាប់ពីកិច្ចប្រជុំលើកដំបូង របស់ភាគីទាំងពីរ នៅទីក្រុងប្រទេសស្វីស នៅថ្ងៃទី២៨ ខែកក្កដា។

កិច្ចសន្ទនានេះដឹកនាំដោយ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergey Ryabkov និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោកស្រី Wendy Sherman បានធ្វើឡើងនៅទីនោះ ដោយបិទទ្វារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញបន្ទាប់ពី កិច្ចប្រជុំភាគីទាំងពីរបានឲ្យដឹងថា ការពិភាក្សានេះ គឺមានលក្ខណៈស៊ីជម្រៅ និងមានសារៈសំខាន់។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា“ គណៈប្រតិភូទាំងពីរបានឯកភាពគ្នា បង្កើតក្រុមការងារជំនាញអន្តរទីភ្នាក់ងារចំនួនពីរ គឺក្រុមការងារ ស្តីពីគោលការណ៍ និងគោលបំណង សម្រាប់ការត្រួតពិនិត្យអាវុធនាពេលអនាគត និងក្រុមការងារស្តីពីសមត្ថភាព និងសកម្មភាពប្រកបដោយ ប្រសិទ្ធភាពយុទ្ធសាស្ត្រ” ។

វាក៏បានជូនដំណឹងផងដែរថា គណៈប្រតិភូបានឯកភាពថា ក្រុមការងារទាំងពីរ នឹងចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួន ដើម្បីបន្តកិច្ចប្រជុំពេញអង្គលើកទី ៣ ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញបន្ទាប់ពីកិច្ចប្រជុំកំពូល ទីក្រុងហ្សឺណែវ នៅថ្ងៃទី ១៦ ខែមិថុនា ប្រធានាធិបតីអាមេរិកលោក បៃដិននិងសមភាគីរុស្ស៊ី លោក ពូទីន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ចំពោះការគ្រប់គ្រងអាវុធ និងកាត់បន្ថយហានិភ័យ។

មេដឹកនាំទាំងពីរក៏បានព្រមព្រៀងគ្នាថា អ្នកការទូត និងអ្នកជំនាញយោធា មកពីប្រទេសទាំងពីរ នឹងជួបប្រជុំគ្នាសម្រាប់អ្វីដែលគេហៅថា“ កិច្ចសន្ទនាស្ថិរភាពយុទ្ធសាស្ត្រ” ដើម្បីដាក់មូលដ្ឋានគ្រឹះ សម្រាប់ការគ្រប់គ្រងអាវុធនាពេលអនាគត និងវិធានការកាត់បន្ថយហានិភ័យ៕ ដោយ ឈូក បូរ៉ា

To Top