បរទេស៖សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានចោទប្រកាន់ប្រទេសចិន ពីបទធ្វើសកម្មភាពយោធាបង្កហេតុ ក្រោយធ្វើការហោះហើរយន្តហោះយោធាជាច្រើនគ្រឿង នៅជិតដែនអាកាសរបស់កោះតៃវ៉ាន់។
ក្រសួងការពារជាតិតៃវ៉ាន់ បានបង្ហោះសារធ្វីតធ័រនៅថ្ងៃអាទិត្យម្សិលមិញនេះថា យន្តហោះចិនចំនួន១៦គ្រឿង បានហោះហើរចូលក្នុងតំបន់កំណត់ការពារដែនអាកាសតៃវ៉ាន់ នៅថ្ងៃម្សិលមិញនេះ ក្រោយយន្តហោះជិត៨០គ្រឿង បានហោះចូលក្នុងតំបន់នោះ ក្នុងពេលរយៈពេល២ថ្ងៃមុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយដូច្នេះថា “សហរដ្ឋអាមេរិក មានក្តីព្រួយបារម្ភជាខ្លាំង ចំពោះសកម្មភាពយោធាបង្កហេតុរបស់សាធារណរដ្ឋប្រជាមានិតចិន នៅជិតកោះតៃវ៉ាន់ ដែលជាការបង្កអស្ថិរភាព បង្កការគណនាខុស និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់”។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបាននិយាយបន្ថែមទៀតយ៉ាងដូច្នេះថា “យើងជំរុញទីក្រុងប៉េកាំង ឲ្យបញ្ឈប់សម្ពាធយោធា ការទូតនិងសេដ្ឋកិច្ច ព្រមទាំងការបង្ខិតបង្ខំទៅលើកោះតៃវ៉ាន់”៕