ភ្នំពេញៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ បូកសរុបលទ្ធផលការងារ យោធា-សន្តិសុខ រយៈពេល ០៩ ខែ និងលើកទិសដៅបន្ត ត្រីមាសទី៤ ឆ្នាំ២០២១ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាននៅគ្រប់បណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចសម្រេចបានស្នាដៃ និងសមិទ្ធិផលការងារជាច្រើន ក្នុងរយៈពេល ០៩ ខែ ដើមឆ្នាំ២០២១នេះ ជាអាទិ៍ ការពារបូរណភាពទឹកដី, ការថែរក្សាសុខសន្តិភាព, ស្ថិរភាព, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ, ការកសាងពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យ, ការជួយឧបត្ថម្ភគាំទ្រ ដោះស្រាយការលំបាក ជូនអតីតយុទ្ធជន និងប្រតិបត្តិការចុះជួយសង្គ្រោះ ប្រជាពលរដ្ឋក្នុងគ្រោះមហន្តរាយទឹកជំនន់ ជាដើម។
នៅចំពោះមុខបញ្ហាប្រឈម នៃជំងឺកូវីដ-១៩ ក្នុងពេល ០២ ឆ្នាំចុងក្រោយនេះ កងទ័ពជើងគោក ក៏បាននិងកំពុងមមាញឹកសស្រាក់ស្រាំចូលរួម ជាមួយរាជរដ្ឋាភិបាល នៅក្នុងគ្រប់កិច្ចការទាំងអស់ ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាត ជាសាកលនេះ តាមរយៈសកម្មភាពជាច្រើន ដូចជា៖ ការការពារសន្តិសុខនៅតាមមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក, ការដឹកជញ្ជូនស្បៀងចែកជូនប្រជាពលរដ្ឋ, ការចូលរួមអនុវត្តវិធានការបិទខ្ទប់, ការចុះបាញ់ថ្នាំសម្លាប់មេរោ គតាមទីកន្លែងសាធារណៈ, ការជួយដឹកជញ្ជូនប្រជាពលករ ត្រលប់មកពីប្រទេសថៃ, និងការចូលរួមក្នុងយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ដោយសម្រេចបានជោគជ័យ គួរជាទីមោទនៈ។ លើសពីនេះ អនុវត្តតាមគោលការណ៍ ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន កងទ័ពជើងគោក ក៏បានរៀបចំមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក នៅតាមបណ្តាយោធភូមិភាគ និងកងពលមួយចំនួន ដើម្បីជួយព្យាបាល និងថែទាំសុខភាព ជូនយោធិន គ្រួសារយោធិន ឱ្យបានដិតដល់ពេញលក្ខណៈ កាន់តែប្រសើរ។
លោកបន្ថែមថា ជាទិសដៅការងារ បន្តសម្រាប់ឆ្នាំ២០២១នេះ សូមបណ្តាស្ថាប័ន-កងឯកភាព ចំណុះកងទ័ពជើងគោកទាំងអស់ បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈ អនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល និងភារកិច្ចនានា តាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ក៏ដូចជាការត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះ គ្រោះមហន្តរាយជាយថាហេតុផ្សេងៗ។ ជាមួយគ្នានេះផងដែរ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោកទាំងអស់ ក៏ត្រូវបន្តចូលរួមអនុវត្តវិធានការសុខាភិបាល “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្ជាប់ ដើម្បីការពារសុខភាពខ្លួនឯង ក្រុមគ្រួសារ និងអង្គភាព ជាពិសេសការប្រុងប្រយ័ត្ន ចំពោះហានិភ័យក្នុងឱកាស នៃការជួបជុំផ្សេងៗ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ៕