បរទេស៖ វិមានក្រឹមឡាំង នៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួនមិនយល់ស្របនឹងការថ្លែង របស់នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោក Fumio Kishida ដែលថា អធិបតេយ្យភាពរបស់ប្រទេសជប៉ុន លាតសន្ធឹងដល់ក្រុមកោះ ដែលតូក្យូហៅថា ទឹកដីភាគខាងជើង និងនិយាយថា ក្រុមកោះទាំងនោះ ស្ថិតក្នុងផ្នែកនៃប្រទេសរុស្ស៊ី។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “យើងមិនយល់ស្របនឹង ការថ្លែងបែបនេះនោះទេ”។
“នេះជាទឹកដីរបស់រុស្ស៊ី ហើយប្រទេសរុស្ស៊ី បានធ្វើការបញ្ជាក់ដដែលៗ ចំពោះឆន្ទៈនយោបាយខ្លួន លើកម្រិតផ្សេងៗគ្នា ដើម្បីបន្តកិច្ចពិភាក្សា ជាមួយប្រទេសជប៉ុន ស្វែងរកដំណោះស្រាយ ចំពោះបញ្ហារសើបនានា ដែលនៅតែមានលើរបៀបវារៈ”។
គួរបញ្ជាក់ថា ជម្លោះបូរណភាពទឹកដី លើកោះខ្លះនៃក្រុមកោះ ដែលរុស្ស៊ីហៅថា Kurils នោះ គឺកើតមានតាំងពីពេល ដែលសហភាពសូវៀត បានរឹបអូសយកពួកវា នៅចុងសង្គ្រាមលោកលើកទី២ ហើយជម្លោះបានរារាំងមិនឲ្យរុស្ស៊ី និងជប៉ុន ធ្វើការចុះហត្ថលេខាសន្ធិសញ្ញា សន្តិភាពផ្លូវការ ៕
ប្រែសម្រួល៖ ប៉ាង កុង