ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីអូស្ត្រាលី បង្ហាញជំហរច្រេីនចំណុច ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយអាស៊ាន

ភ្នំពេញ៖​ មិនខុសអ្វីពីមេដឹកនាំ មកពីបណ្ដាប្រទេមហាអំណាច មួយចំនួន លោក ស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលី បានបង្ហាញពីជំហររបស់ខ្លួន ជាច្រើនចំណុច ពាក់ព័ន្ធបញ្ហាក្នុងតំបន់ រួមទាំងតួនាទី ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយសមាគមអាស៊ាន ។

ថ្លែងក្នុងកិច្ចប្រជុំកំពូល អាស៊ាន-អូស្ត្រាលី លើកទី១ ជាមួយនឹងថ្នាក់ដឹកនាំអាស៊ាន នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក ស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសជួយដល់អាស៊ាន នូវថវិកា៥លានដុល្លារ សម្រាប់គំនិតផ្តួចផ្តើមសន្តិសុខ សុខាភិបាល អាស៊ាន-អូស្ត្រាលី ,៦០លានដុល្លារអូស្ត្រាលី ក្នុងការគាំទ្រមជ្ឈមណ្ឌលអាស៊ាន សម្រាប់សុខភាពសាធារណៈ សង្គ្រោះបន្ទាន់ និងជំងឺកើតថ្មី។
អូស្ត្រាលី ក៏បានប្រកាសបន្តជួយវ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១០លានដូសបន្ថែមទៀត ដល់អាស៊ាន។
ក្រៅពីនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសបន្តគាំទ្រការស្តារឡើង វិញនូវសេដ្ឋកិច្ចអាស៊ាន។

នាយករដ្ឋមន្ត្រីអូស្ត្រាលី បានបង្ហាញក្តីសង្ឃឹមថា នឹងមានឱកាសមកទស្សនកិច្ច នៅប្រទេសអាស៊ាននីមួយៗ នាពេលខាងមុខ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី បានចាត់ទុកអាស៊ាន គឺជាតំបន់មួយដែលមានទំហំពាណិជ្ជកម្មធំជាងគេ សម្រាប់អូស្ត្រាលី។
នាយករដ្ឋមន្ត្រីអូស្ត្រាលី បានចាត់ទុកអាស៊ានជាតំបន់មួយ ជិតអូស្ត្រាលី ដែលជាមិត្តជិតខាងមួយរបស់អូស្ត្រាលី។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានប្រកាសគាំទ្ររាល់យន្តការទាំងឡាយ ដែលដឹកនាំដោយអាស៊ាន។
លោកបានប្រកាសគាំទ្រ ការកសាងសហគមន៍អាស៊ាន ការធ្វើសមាហរណកម្មអាស៊ាន និងការកាត់បន្ថយគម្លាតប្រទេសសមាជិកអាស៊ាន។

លោកនាយករដ្ឋមន្ត្រី ក៏ចង់ឃើញការផ្តល់ឱកាសឱ្យអូស្ត្រាលី ចូលរួមជាមួយអាស៊ានដោយភាពវិជ្ជមាននិងការស្ថាបនា។ នៅចុងក្រោយនៃជំនួបនេះ ក៏មានការផ្លាស់ប្តូទៅលើបញ្ហាក្នុងតំបន់ ដូចជាបញ្ហាសមុទ្រចិនខាងត្បូង មីយ៉ាន់ម៉ា និងឧបទ្វីបកូរ៉េផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានផ្លាស់ប្ដូរយោបល់គ្នាជាច្រើន ជាពិសេសក្នុងការបើកទំព័រថ្មី នៃទំនាក់ទំនង ប្រទេសដៃគូសន្ទនា រវាងប្រទេសអាស៊ាននិងអូស្រ្តាលីនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងអាស៊ាននិងអូស្រ្តាលី ក្នុងកម្រិតថ្មីមួយទៀត ជាពិសេសនៅក្នុងការចូលរួមចំណែក បន្តលើកកម្ពស់សន្តិភាពស្ថេរភាព និងវិបុលភាពក្នុងតំបន់។

ប្រមុខរដ្ឋាភិបាលអាស៊ាន បានឯកភាពក្នុងការ លើកកម្ពស់នៃទំនាក់ទំនង អាស៊ាននិងអូស្ត្រាលី ដើម្បីអោយទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ។

ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានស្វាគមន៍ដល់អូស្ត្រាលីផងដែរ ក្នុងការបន្តការគាំទ្រ ដល់តួនាទីស្នូលរបស់អាស៊ាន ពិសេសនៅក្នុងទស្សនៈវិស័យ របស់អាស៊ាន និងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ៕

To Top