ព័ត៌មានជាតិ

កម្ពុជា ចង់ឃើញអាស៊ីអាគ្នេយ៍ ជាតំបន់សន្តិភាព ស្ថិរភាព និងគ្មានអាវុធ នុយក្លេអ៊ែរ (Video)

ភ្នំពេញ៖ ក្នុងនាមជាប្រទេសមួយ ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជាប្រាថ្នាចង់ឃើញ តំបន់មួយនេះ ជាតំបន់សន្តិភាព ស្ថិរភាព និងគ្មានអាវុធ នុយក្លេអ៊ែរ។

ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា​ លើកទី ១៦ នៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវមតិមួយចំនួន ពាក់ព័ន្ធនឹងប្រធានបទនៃកិច្ចប្រជុំ ដូចខាងក្រោម ៖

ទី១. វិបត្តិនៃជំងឺកូវីដ-១៩ នៅតែជាក្តីកង្វល់ដ៏ធំមួយសម្រាប់យើងទាំងអស់គ្នា។ ដូចនេះការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺជារបៀបវារៈចាំបាច់ក្នុងកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ។ កម្ពុជាយល់ថា ប្រទេសទាំងអស់ត្រូវប្រឹងប្រែង និងរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនយកការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈ នយោបាយ ។ ទន្ទឹមនេះជាមួយនឹងការអភិវឌ្ឍថ្មីៗនៃវ៉ាក់សាំង និង ថ្នាំព្យបាល​ កម្ពុជាក៏សុំអំពាវនាវ ឱ្យការចែកចាយវ៉ាក់សាំង និង ថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រព្រឹត្តទៅប្រកបដោយសមធម៌ ក្នុងតម្ល សមរម្យ និង ទាន់ពេល ។

ទី២. ដើម្បីពន្លឿនការងារសង្គម-សេដ្ឋកិច្ច, យើងត្រូវបន្តធានាឱ្យបាននូវដំណើរការខ្សែច្រវាក់ ផលិតកម្ម និង ការផ្គត់ផ្គង និង ពាណិជ្ជកម្មឆ្លងដែន, ពង្រឹងសមត្ថភាពអាជីវកម្មរបស់សហគ្រាសធុន តូច និង មធ្យមលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និង យុវជនជំរុញការតភ្ជាប់ និង សម្រួលដល់ ការធ្វើដំណើរឆ្លងដែនឡើងវិញ ។ ក្នុងស្មារតីនេះកម្ពុជាសូមអបអរចំពោះការដាក់ចេញនូវ សេចក្តី ប្រកាសមេដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញកំណើនសេដ្ឋកិច្ចតាមការ
លើកកម្ពស់វិស័យទេសចរណ៍ និង សេចក្តីប្រកាសមេដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ាស្តីពីការស្ដារឡើង វិញប្រកបដោយចីរភាព និង បៃតង ។

ទី៣. ពាក់ព័ន្ធនឹងការរៀបចំ សេចក្តីព្រាងផែនការសកម្មភាពថ្មី ឆ្នាំ ២០២៣-២០២៧​ កម្ពុជា យល់ថា គួរផ្ដោតលើកិច្ចសហការក្នុងវិស័យអាទិភាពចំនួន ៤ ស្របតាមនិន្នាការសកល រួមមាន : (១).ការពង្រឹងសន្តិសុខផ្នែកសុខភាពសាធារណៈ; (២).ការកសាងសមត្ថភាពសហគ្រាសខ្នាតមីក្រូ, តូច និង មធ្យម (MSMEs); (៣).ការជំរុញ និង ការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង សេដ្ឋកិច្ចឌីជីថល; និង (៤).ថាមពលប្រកបដោយចីរភាព ។

ទី៤. កម្ពុជាប្រាថ្នាចង់ឃើញតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់សន្តិភាព​ ស្ថិរភាព និង គ្មានអាវុធ នុយក្លេអ៊ែ រ។ លើមូលដ្ឋាននេះកម្ពុជាសូមអំពាវនាវសូមឱ្យ រាល់គំនិតផ្តួចផ្តើម រួមទាំងសម្ព័ន្ធភាពយោធា ដែលនឹងត្រូវបានដាក់ចេញដោយប្រទេសអាស៊ីបូព៌ា គោរព មជ្ឍភាពអាស៊ាន បំពេញបន្ថែមនូវយន្តការ ដែលមានស្រាប់ និង ឈលើការគោរពគ្នា និង ផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីរក្សាស្ថិរភាពសន្តិសុខសន្តិភាព និង វិបុលភាពក្នុងតំបន់ ៕

To Top