ព័ត៌មានជាតិ

ធនាគារជាតិនៃកម្ពុជា រៀបចំសិក្ខាសាលាអបអរសាទរទិវាសន្សំអាស៊ាន

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា នាពេលថ្មីៗនេះ តាមប្រព័ន្ធវិដេអូ បានរៀបចំសិក្ខាសាលាស្តីពី «សន្សំប្រាក់ឥឡូវនេះដើម្បីអនាគតរបស់អ្នក» ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការសន្សំប្រាក់ និងការចូលរួមអបអរសាទរទិវាសន្សំអាស៊ាន។

នាឱកាសនោះ អនុប្រធានសមាគមធនាគារនៅកម្ពុជា លោក ប៊ុន យីន បានថ្លែងថា ក្នុងឱកាសអបអរសាទរទិវាសន្សំអាស៊ាន គណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ (Financial Inclusion Committees) នៃសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា បានធ្វើសកម្មភាពជាច្រើនដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងទាក់ទងទៅនឹងការសន្សំនៅប្រទេសកម្ពុជា ។

ដោយឡែក ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក គា បូរាណ បានបញ្ជាក់ថា ការអនុញ្ញាតរបស់ធនាគារជាតិនៃកម្ពុជា ឲ្យមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចទទួលប្រាក់បញ្ញើ បានជំរុញឲ្យស្ថាប័នទាំងនោះមានលទ្ធភាពផ្តល់សេវាសន្សំដល់ប្រជាជនបានកាន់តែច្រើនឡើង។ លោកបន្តថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ក្នុងកំឡុងឆ្នាំ២០១៦-២០២០ កំណើនចំនួនគណនីសន្សំមានការកើនឡើងរហូតដល់ជិត ៩លានគណនីត្រឹមដំណាច់ឆ្នាំ២០២០ សម្រាប់វិស័យហិរញ្ញវត្ថុទាំងមូល។

ជាមួយគ្នានេះដែរ អគ្គនាយកត្រួតពិនិត្យ និងជាឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក រ័ត្ន សុវណ្ណនរៈ បានឲ្យដឹងថា ដើម្បីលើកទឹកចិត្ត និងជំរុញបន្ថែមលើវប្បធម៌នៃការសន្សំប្រាក់នៅតាមគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាបាននិង កំពុងបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់តាមរយៈសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចជាការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល បាគង (Bakong Digital Transactions) ដែលផ្តល់លទ្ធភាពដល់ការទូទាត់ និង ផ្ទេរប្រាក់រវាងគ្រឹះស្ថាន និង គ្រឹះស្ថានក្នុងគោលដៅបង្កភាពងាយស្រួល បង្កើនសុវត្ថិភាព និង កាត់បន្ថយការចំណាយសម្រាប់ប្រជាជនដែលមានតម្រូវការទូទាត់ និង ផ្ទេរប្រាក់ឆ្លងគ្រឹះស្ថាន និង ការពង្រឹងកិច្ចសហការប្រតិបត្តិការជាមួយធនាគារបរទេសដើម្បីសម្រួលដល់ប្រតិបត្តិការទូទាត់ និង ផ្ទេរប្រាក់ឆ្លងប្រទេសក្នុងគោលដៅសម្រួលដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅក្រៅប្រទេស ឲ្យងាកមកប្រើប្រាស់សេវាធនាគារដែលមានភាពងាយស្រួល អស់កម្រៃតិច និង ធានាសុវត្ថិភាពដើម្បីផ្ញើប្រាក់មកសមាជិកគ្រួសារនៅកម្ពុជា ។

លោក ក៏បានគូសបញ្ជាក់ផងដែរថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ នេះ ការដាក់ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានជាង ៣៧ ពាន់លានដុល្លារ ដែលទទួលពីអតិថិជនចំនួន ១២.០៥ លានគណនី៕

To Top