ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិន បានប្រកាសសៀវភៅស ក្រោមចំណងជើងថា 《គោលនយោបាយ និងប្រតិបត្តិការឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុ របស់ចិន》 ។ នេះគឺលើកទីពីរ ដែលរដ្ឋាភិបាលចិន ចេញផ្សាយសៀវភៅ ស អំពីការឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុ ចាប់តាំងពីឆ្នាំ២០១១មក ។
ជានិច្ចកាល ប្រទេសចិន តែងតែជាអ្នកអនុវត្តជាក់ស្តែង ក្នុងការឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុ ។ ចាប់តាំងពីដំណាក់កាលអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១២”មក ប្រទេសចិន ក៏បានដាក់បញ្ចូលការឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុ ទៅក្នុងផែនការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិដែរ ។ បច្ចុប្បន្ននេះ ការឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុ បានក្លាយជាយុទ្ធសាស្ត្រជាតិ របស់ចិន ព្រមទាំងទទួលបាន ប្រសិទ្ធភាពយ៉ាងលេចធ្លោ ។
បច្ចុប្បន្ននេះ ប្រទេសចិនបានបង្វែរជាមូលដ្ឋាន នូវសភាពការណ៍ដែលការបញ្ចេញកាបូន កើនឡើងយ៉ាងឆាប់រហ័សរួចរាល់ហើយ ព្រមទាំងបានគ្រប់គ្រង ការបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់ ប្រកបដោយប្រសិទ្ធភាព ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុត លើពិភពលោក ស្របនឹងពេលដែលបានអភិវឌ្ឍសេដ្ឋកិច្ច កែលម្អជីវភាពរស់នៅ របស់ប្រជាជន គ្រប់គ្រងការបំពុលនិងគាំពារ សន្តិសុខថាមពល ចិនអាចសម្រេចបាន នូវការផ្លាស់ប្តូរបែបនេះ គឺបានមកដោយមិនងាយទេ ។ នៅពីក្រោយការផ្លាស់ប្តូរនេះ គឺជាការរៀបចំចាត់ចែង និងការអនុវត្តជាក់ស្តែង ពីរដ្ឋាភិបាលមជ្ឈិម ដល់រដ្ឋបាលក្នុងតំបន់ និងជាកិច្ចខិតខំប្រឹងប្រែង ក្នុងរយៈពេលយូរ របស់ប្រជាជនចិនគ្រប់រូប ។
លើសពីនេះទៅទៀត ចិនក៏បានលើកឡើង នូវគោលដៅស្តីពីការខិតខំប្រឹងប្រែង កាត់បន្ថយការបញ្ចេញកាបូន បន្ទាប់ពីឡើងដល់ចំណុចកំពូល នៅមុនឆ្នាំ២០៣០ និងសម្រេចអព្យាក្រឹត ភាពកាបូនមុនឆ្នាំ២០៦០ ។ ការចំណាយរយៈពេលប្រហែល៣០ឆ្នាំ ដើម្បីសម្រេចពីការកាត់បន្ថយ ការបញ្ចេញកាបូនបន្ទាប់ពីឡើង ដល់ចំណុចកំពូលដល់ ការសម្រេចអព្យាក្រឹតភាពកាបូន គឺជាកម្រិតធ្លាក់ចុះខ្លាំងបំផុត ក្នុងការកាត់បន្ថយការបញ្ចេញកាបូន លើទូទាំងពិភពលោក ដែលបានបង្រួញពេលយ៉ាងច្រើន ជាងប្រទេសរីកលូតលាស់សំខាន់ៗ ។ វាមានន័យថា ប្រទេសចិន នឹងប្រឈមមុខ នឹងភារកិច្ចផ្លាស់ប្តូររូបមន្ត នៃថាមពលនិងឧស្សាហកម្ម កាន់តែលំបាកលំបិន ។ ប៉ុន្តែការលំបាកនិងបញ្ហាប្រឈម មិនដែលយកឈ្នះលើប្រជាជនចិននោះទេ ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលចិន បានដាក់បញ្ចូលការកាត់បន្ថយ ការបញ្ចេញកាបូនបន្ទាប់ពីឡើង ដល់ចំណុចកំពូល និងការសម្រេចអព្យាក្រឹតភាពកាបូន ទៅក្នុងស្ថានភាពទូទៅ នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាប្រកាន់ខ្ជាប់ ការដើរតាមផ្លូវអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់ ដែលតម្កល់ទុកអេកូឡូស៊ីជាចម្បង ភាពបៃតងនិងកាបូនទាប យ៉ាងមុតមាំមិនងាករេ ។
ប្រទេសចិន ក៏បានចូលរួមការគ្រប់គ្រងអាកាសធាតុ ទូទាំងពិភពលោកយ៉ាងសកម្ម ដើម្បីរួមចំណែកជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុជាសកល ។ ក្នុងបញ្ហាឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុ ប្រទេសចិនបានបង្ហាញ ពីការប្តេជ្ញាចិត្តនិងកម្លាំងប្រតិបត្តិការ យ៉ាងខ្លាំងក្លាចំពោះទូទាំងពិភពលោក ។
នៅពេលអនាគត ប្រទេសចិន នឹងធ្វើតាមពាក្យសន្យារបស់ខ្លួន បន្តប្រកាន់ខ្ជាប់ពហុភាគីនិយម ប្រកាន់ខ្ជាប់គោលការណ៍ស្តីពី ការមានឯកភាពគ្នាតែក៏មានភាពខុសគ្នា ប្រកាន់ខ្ជាប់កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ អនុវត្តយ៉ាងប្រាកដប្រជា នូវគោលដៅរួមចំណែក ដោយម្ចាស់ការរបស់ជាតិ ដើម្បីជំរុញឱ្យ《កិច្ចព្រមព្រៀងប៉ារីស》 អាចដើរកាន់តែឆ្ងាយ និងកាន់តែរឹងមាំ ៕