ព័ត៌មានជាតិ

បង្ក្រាបករណី ជួញដូរគ្រឿងញៀនជាង ៥ម៉ឺនគ្រាប់ ចាប់ខ្លួនជនសង្ស័យ ៥នាក់

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនជាង ៥០,០០០គ្រាប់ និងចាប់ខ្លួនជនសង្ស័យ ៥នាក់ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ។

បង្ក្រាបនេះ ធ្វើឡើងតាមបញ្ជា នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០:៣០នាទីក្រុមមន្រ្តីជំនាញ បានស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុច តាមបណ្តោយផ្លូវ វិមានឈ្នះ (ទំនប់កប់ស្រូវ) ភូមិត្រពាំងពោធិ៍ ស សង្កាត់ចោមចៅ៣ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ ចាប់ជនសង្ស័យបាន ២នាក់ប្រុស និងថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ (WY) ចំនួន ២០.០០០គ្រាប់។ លុះដល់វេលាម៉ោង ៥:៣០នាទីល្ងាចថ្ងៃដដែល បន្តការស៊ើបអង្កេត ឈានទៅចាប់ខ្លួនជនសង្ស័យបាន៣នាក់ ស្រីម្នាក់ និងឆែកឆេរលំនៅដ្ឋាន នៅចំណុចភូមិជ្រៃ ឃុំកណ្តែក ស្រុកបាគ ខេត្តសៀមរាប រកឃើញថ្នាំញៀនមេតំហ្វេតាមីនប្រភេទគ្រាប់(WY)ចំនួន ៣០.០០០គ្រាប់បន្ថែមទៀត។

ជនសង្ស័យទាំង ៥នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ ខុង ខុម ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ អាត នឿត ភេទប្រុសអាយុ ៤០ឆ្នាំ ជនជាតិខ្មែរ។ ៣-ឈ្មោះ សល់ សេងលី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ។ ៤-ឈ្មោះ លឹម ហេង ភេទប្រុសអាយុ ៥១ឆ្នាំ ជនជាតិ ថៃ។ ៥-ឈ្មោះ សឹម សត្យា ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ។

វត្ថុតាងចាប់យកបានសរុប មានថ្នាំញៀនប្រភេទ មេតំហ្វេតាមីនគ្រាប់(WY)ចំនួន ៥៦.៣៩៧ គ្រាប់ ស្មើទម្ងន់ ៥ គ.ក្រ ០៧៥.៧៩ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

To Top