បរទេស៖ ក្រុមតាលីបង់បានហាមប្រាម ការប្រើប្រាស់រូបិយប័ណ្ណបរទេស (លុយបរទេស) នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលជាវិធានការមួយដែលអាច រំខានដល់សេដ្ឋកិច្ចបន្ថែមទៀត ដែលឈានទៅដល់ការដួលរលំ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមពួកតាលីបង់ ដែលបាននិយាយថា “ស្ថានភាពសេដ្ឋកិច្ច និងផលប្រយោជន៍ជាតិ នៅក្នុងប្រទេស តម្រូវឱ្យជនជាតិអាហ្វហ្គានីស្ថានទាំងអស់ ប្រើប្រាស់រូបិយប័ណ្ណអាហ្វហ្គានីស្ថាន រាល់ការជួញដូររបស់ពួកគេ”។
សេដ្ឋកិច្ចកំពុងជួបការលំបាក ដោយសារការដកជំនួយ ហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់ ហើយប្រាក់ដុល្លារអាមេរិក ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងទីផ្សាររបស់ ប្រទេសអាហ្វហ្គានីស្ថាន។
ប្រាក់ដុល្លារក៏ត្រូវបានគេប្រើ ជាញឹកញាប់សម្រាប់ពាណិជ្ជកម្ម នៅក្នុងតំបន់ជាប់ព្រំដែនប្រទេសជិតខាង របស់អាហ្វហ្គានីស្ថាន ដូចជាប៉ាគីស្ថានជាដើម។
អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “រដ្ឋអ៊ីស្លាម អេមីរ៉ាត ណែនាំប្រជាពលរដ្ឋទាំងអស់ ម្ចាស់ហាង អាជីវករ ពាណិជ្ជករ និងសាធារណជនទូទៅ ឱ្យធ្វើប្រតិបត្តិការទាំងអស់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់ពីពេលនេះតទៅ ហើយហាមដាច់ខាតក្នុងការ ប្រើប្រាស់រូបិយប័ណ្ណបរទេស”។ អ្នកណាដែលរំលោភលើបទបញ្ជានេះ នឹងប្រឈមមុខនឹងការ ចាត់វិធានការផ្លូវច្បាប់»៕
ប្រែសម្រួលៈ ណៃ តុលា