ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការស្តីទី នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា និន្នាការ នៃការចរាចរគ្រឿងញៀនសំយោគ ពីតំបន់ត្រីកោណមាស ត្រូវបានពួកឧក្រិដ្ឋជន លួចលាក់ចរាចរជួញដូរខុសច្បាប់ ទៅកាន់ប្រទេស ក្នុងតំបន់ និងសកលលោក ទន្ទឹមនឹងនេះ ការចរាចរសារធាតុគីមី ផ្សំខុសច្បាប់ទៅកាន់ទីតាំងផលិតគ្រឿងញៀន នៅតំបន់ត្រីកោណមាស បន្តកើតមានគួរឲ្យព្រួយបារម្ភផងដែរ ។
ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង ត្រួតពិនិត្យ និងទប់ស្កាត់ បង្ក្រាបការបង្វែរសារធាតុគីមី ផ្សំយកទៅលួចលាក់សំយោគកែច្នៃ ផលិតគ្រឿងញៀនខុសច្បាប់
នៅថ្ងៃទី ២៥-២៦ ខែធ្នូ ឆ្នាំ ២០១៩ នាខេត្តព្រះសីហនុ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានសំណូមពរដល់មន្ត្រី អនុវត្តច្បាប់ពាក់ព័ន្ធប្រចាំការ តាមច្រកព្រំដែនគោក-ទឹក កំពុងផែសមុទ្រទាំងអស់ បន្តខិតខំបំពេញតួនាទីភារកិច្ច របស់ខ្លួន ឲ្យបានម៉ឹងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបការបង្វែរ សារធាតុគីមីផ្សំយកទៅកែឆ្នៃ គ្រឿងញៀនខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា និងទៅកាន់តំបន់ ត្រីកោណមាស និងបានសំណូមពរដល់ សមត្ថកិច្ចពាក់ព័ន្ធធ្វើការអប់រំផ្សព្វផ្សាយ ដល់ក្រុមហ៊ុនធ្វើអាជីវកម្មគីមីទាំងអស់ ដែលស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យគ្រប់គ្រងត្រួតពិនិត្យ ទាំងការប្រើប្រាស់ និងរក្សាទុកឲ្យបានត្រឹមត្រូវ និងរាយការណ៍មកសមត្ថកិចពាក់ព័ន្ធជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ ឲ្យបានពីការបង្វែរយកទៅផលិតគ្រឿងញៀន ពីសំណាក់ពួកឧក្រិដ្ឋកម្មគ្រឿងញៀន ។
ឧត្តមសេនីយ៍ ត្រី អ៊ុយ រ៉ាត់ ប្រធាននាយកដ្ឋានស្រាវជ្រាវ និងត្រួតពិនិត្យ របស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលបំណងពង្រឹង ជំរុញយន្តការ សហប្រតិបត្តិការ លើកកម្ពស់ ការបំពេញតួនាទីភារកិច្ចមន្ត្រី អនុវត្តច្បាប់ពាក់ព័ន្ធ ជួរមុខគ្រប់គ្រង ត្រួតពិនិត្យការចរាចរសារធាតុគីមីផ្សំ ឆ្លងកាត់ព្រំដែន និងទប់ស្កាត់បង្ក្រាបការបង្វែរសារធាតុគីមីផ្សំ ពីជំនួញស្របច្បាប់យកទៅលួចលាក់សំយោគ កែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ។
ចំណែកលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានលើកឡើង ពីស្ថានភាពគ្រឿងញៀន នៅក្នុងខេត្តព្រះសីហនុ ថាដោយសារការអភិវឌ្ឍន៍មានល្បឿនលឿន ភ្ញៀវទេសចរមានការកើនឡើង ធ្វើឲ្យរដ្ឋបាលខេត្តមានបញ្ហាប្រឈមជាច្រើន ក្នុងនោះមានបញ្ហាប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ផងដែរ ដែលទាមទារឲ្យមន្ត្រី អនុវត្តច្បាប់ពាក់ព័ន្ធយកចិត្តទុកដាក់ និងពង្រឹងយន្តការគ្រប់គ្រង ត្រួតពិនិត្យ ទប់ស្កាត់ ទាំងគ្រឿងញៀនខុសច្បាប់ និងការបង្វែរសារធាតុគីមីផ្សំ យកទៅផលិតគ្រឿងញៀន ៕