ព័ត៌មានអន្តរជាតិ

អូស្រ្តាលី ផ្តល់ជំនួយជាង១៦០លានដុល្លារ ដល់ប្រទេសតំបន់មេគង្គ ដើម្បីស្ដារសេដ្ឋកិច្ចក្រោយវិបត្តិ កូវីដ-១៩ (Video)

ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសបន្តគាំទ្រនិងផ្តល់ជំនួយ នូវទំហំទឹកប្រាក់ចំនួន ២៣២លានដុល្លារ អូស្ដ្រាលី (ប្រមាណ ១៦៨លានដុល្លារអាមេរិក) ដល់ប្រទេសតំបន់មេគង្គ សម្រាប់រយៈពេល៤ឆ្នាំ ដើម្បីជួយដល់ការស្ដារសេដ្ឋកិច្ច ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ និងធ្វើឱ្យប្រសើរឡើងនូវភាពធន់ ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន នៅក្នុងតំបន់។ នេះបើតាមការអះអាង របស់លោកស្រី ម៉ារីស ផែន រដ្ឋមន្ត្រីក្រសួងការបរទេស និងជារដ្ឋមន្រ្តីក្រសួងកិច្ចការនារីអូស្ត្រាលី ប្រាប់ប្រមុខការទូតកម្ពុជា ។

យោងតា​មសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ស្ដីពីលទ្ធផលអំពីទស្សនកិច្ចរបស់ លោកស្រី ម៉ារីស ផែន រយៈពេល២ថ្ងៃនៅកម្ពុជា បានឱ្យដឹងថា សម្រាប់កិច្ចសហប្រតិបត្តិការ ក្រោមក្របខ័ណ្ឌភាពជាដៃគូ មេគង្គ-អូស្ដ្រាលី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស បានសម្តែងនូវការកោតសរសើរចំពោះ ចក្ខុវិស័យរបស់អូស្រ្តាលី នៅក្នុងអនុតំបន់មេគង្គ តាមរយៈការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ភាពធន់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការ វិនិយោគ និងការពង្រឹងប្រព័ន្ធអ៊ិនធឺណេត និងថាមពលសំខាន់ៗ។

ប្រភពដដែល បញ្ជាក់ថា «លោកស្រី ម៉ារីស ផេន បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រ និងផ្តល់ជំនួយ ក្រោមក្របខ័ណ្ឌនេះ ដែលមានទឹកប្រាក់ចំនួន ២៣២ លានដុល្លារអូស្ដ្រាលី (ប្រមាណ ១៦៨ លានដុល្លារអាមេរិក) សម្រាប់រយៈពេល ៤ឆ្នាំ ដើម្បីជួយដល់ការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងធ្វើឱ្យប្រសើរឡើងនូវភាពធន់ផ្នែកសេដ្ឋកិច្ច និង បរិស្ថាន នៅក្នុងតំបន់»៕

To Top