ព័ត៌មានអន្តរជាតិ

បក្សកុម្មុយនិស្តចិន នឹងបញ្ចប់កិច្ចប្រជុំដ៏សំខាន់មួយ ស្របពេលលោក ស៊ី ជីនពីង ពង្រឹងអំណាច

បរទេស៖ បក្សកុម្មុយនិស្តចិន នឹងបញ្ចប់កិច្ចប្រជុំដ៏សំខាន់មួយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលគ្រោងធ្វើការសម្រេចចុងក្រោយ នូវសេចក្តីសម្រេចមួយ ដែលពង្រឹងអំណាចរបស់ លោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងពេលមួយឆ្នាំមុន ដែលលោកត្រូវគេរំពឹងថា នឹងរក្សាតំណែងជាមេដឹកនាំបក្ស ក្នុងអាណត្តិទី៣របស់លោក។

កិច្ចប្រជុំពេញអង្គលើកទី៦ របស់គណៈកម្មការកណ្ដាល ដែលជាក្រុមមួយមានសមាជិកបក្ស ចំនួនប្រមាណ ៣៧០នាក់ ជ្រើសរើសថ្នាក់ដឹកនាំបក្សថ្មី របស់ខ្លួនរៀងរាល់ ៥ឆ្នាំនោះ កំពុងប្រារព្ធធ្វើកិច្ចប្រជុំសម្ងាត់ តំាងពីថ្ងៃចន្ទមកនៅក្នុងទីក្រុងប៉េកាំង នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

សេចក្តីសម្រេចជាប្រវត្តិសាស្ត្រនេះ ជាផ្លូវការគឺស្តីពីសមិទ្ធផលរបស់បក្ស ក្នុងរយៈពេល១០០ឆ្នាំ ប៉ុន្តែក៏រក្សាអំណាចរបស់លោក ស៊ី ជីនពីង ជាស្នូលរបស់បក្ស ដោយពង្រឹងបន្ថែមនូវ អំណាចរបស់លោក និងកំណត់មូលដ្ឋានសម្រាប់អ្វី ដែលអ្នកវិភាគរំពឹងជាខ្លាំងថា នឹងជាអាណត្តិទី៣ ក្នុងរយៈពេលមួយឆ្នាំ រាប់ពីពេលបច្ចុប្បន្ននេះទៅ។

គួរបញ្ជាក់ថា សេចក្តីសម្រេចជាប្រវត្តិបក្ស បែបនេះពីមុនមានតែ ២ប៉ុណ្ណោះ គឺក្នុងឆ្នាំ១៩៤៥និងឆ្នាំ១៩៨១ ដែលមានឥទ្ធិពលក្នុងការ ពង្រឹងអំណាចរបស់មេដឹកនាំចិន គឺលោក ម៉ៅ សេទុង និងលោក តេង ស៊ាវពីង ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top