បរទេស៖ សហព័ន្ធដឹកជញ្ជូនផ្លូវគោក របស់ប្រទេសថៃ (LTFT) កំពុងរៀបចំដើម្បីដឹកនាំ ឡានដឹកទំនិញចំនួន 500 គ្រឿង បើកទៅកាន់ក្រសួងថាមពល នៅថ្ងៃអង្គារដើម្បីទាក់ទាញការយកចិត្តទុកដាក់ ចំពោះតម្រូវការរបស់ខ្លួន ដែលឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហា នៃការកើនឡើងតម្លៃប្រេងឥន្ធនៈ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា LTFT បាននិយាយថា ខ្លួនសង្ឃឹមថា គម្រោងតវ៉ាដោយបើករថយន្ត ដឹកទំនិញទៅកាន់ក្រសួងថាមពលនេះ នឹងជំរុញឱ្យរដ្ឋាភិបាល វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ ទទួលស្គាល់ពីផលប៉ះពាល់ ដែលតម្លៃប្រេងកំពុងកើនឡើង លើទាំងសាធារណៈជន និងប្រតិបត្តិករដឹកជញ្ជូន ហើយចាត់វិធានការ ដើម្បីកាត់បន្ថយបញ្ហានេះ។
សហព័ន្ធបាននិយាយថា គម្រោងតវ៉ានេះ ត្រូវបានគេដាក់ឈ្មោះថា “Truck Power Season II” នឹងត្រូវបានរៀបចំឡើងស្របតាមក្រិត្យ ស្តីពីការគ្រប់គ្រងសាធារណៈ និងច្បាប់ស្តីពីជំងឺឆ្លងឆ្នាំ 2015។
វាកើតឡើងបន្ទាប់ពីការតវ៉ាមុននេះ នៅពាក់កណ្តាលខែតុលា នៅពេលដែលឡានដឹកទំនិញជាង 1 000 គ្រឿងបានបិទផ្លូវសំខាន់ៗចំនួន 7 ទាមទារឱ្យរដ្ឋាភិបាល ទម្លាក់តម្លៃប្រេងម៉ាស៊ូត ហើយរក្សាវានៅតម្លៃ 25 បាតក្នុងមួយលីត្រ សម្រាប់រយៈពេលមួយឆ្នាំ។
នៅពេលនោះ រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងកំណត់តម្លៃមិនលើសពី ៣០ បាតក្នុងមួយលីត្រឡើយ៕ ប្រែសម្រួលៈ ណៃ តុលា