បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានព្រមានថា ដំណើរការវិសោធនកម្មធម្មនុញ្ញដែលកំពុងបន្ត ត្រូវតែទុកឱ្យស្ថាប័នរាជវង្សមិនអាចមានអ្នកប៉ះពាល់បាន។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ បា្រយុទ្ធ បានធ្វើការកត់សម្គាល់នេះ ខណៈដែលលោកធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចល័តនៅកោះ Krabi ។ នេះបើយោងតាមប្រភពនៅក្នុងកិច្ចប្រជុំ។
ឧត្តមសេនីយ៍ ប្រាយុទ្ធ ត្រូវបានប្រភពនានាដកស្រង់សម្តីដោយនិយាយថា «ប្រទេស សាសនា និងរាជាធិបតេយ្យត្រូវតែនៅដដែល (គ្មានអ្នកណាហ៊ានប៉ះពាល់)។ សមាជិកសភាមិនត្រូវប្រព្រឹត្តក្នុងរបៀបដែលប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រឡើយ»។
ប្រភពបាននិយាយថា នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ផងដែរ ពីតម្រូវការសម្រាប់សមាជិកសភារបស់រដ្ឋាភិបាល ដើម្បីគោរពតាមដំណោះស្រាយរបស់គណបក្ស នៅពេលពួកគេបោះឆ្នោតលើសេចក្តីព្រាងច្បាប់នេះ៕
ប្រែសម្រួលៈ ណៃ តុលា