បរទេស៖ ប្រទេសលីទុយអានី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រេឌីតនាំចេញមានទំហំទឹកប្រាក់៦០០ដុល្លារ ជាមួយធានាគារនាំចេញ-នាំចូលសហរដ្ឋអាមេរិក នៅសប្ដាហ៍ក្រោយ នេះបើយោងតាមសម្តីរដ្ឋមន្ត្រីសេដ្ឋកិច្ចលីទុយអានី លោក Ausrine Armonaite មួយថ្ងៃបន្ទាប់ពីប្រទេសចិន បានធ្វើការព្រមានថា ខ្លួននឹងចាត់វិធានការចាំបាច់ទាំងអស់ ក្រោយប្រទេសលីទុយអានីអនុញ្ញាតឲ្យកោះតៃវ៉ាន់បើកស្ថានទូតក្រៅផ្លូវការ។
នៅក្នុងខែសីហា ប្រទេសចិនបានទាមទារឲ្យប្រទេសលីទុយអានី ដកឯកអគ្គរដ្ឋទូតខ្លួន ប្រចាំនៅទីក្រុងប៉េកាំង និងនិយាយថា ខ្លួននឹងហៅត្រឡប់វិញនូវប្រេសិតរបស់ចិនប្រចាំនៅទីក្រុង Vilnius ក្រោយតៃវ៉ាន់ប្រកាសថា ការិយាល័យរបស់ខ្លួន នឹងត្រូវបានហៅថា ការិយាល័យតំណាងតៃវ៉ាន់ នៅក្នុងប្រទេសលីទុយអានី។
តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសលីទុយអានីលោក Gabrielius Landsbergis នៅក្នុងខែសីហា និងបានព្រមព្រៀងគ្នាលើចំណាត់ការរួមទ្វេភាគី ដើម្បីជួយ លីទុយអានី ទប់ទល់នឹងសម្ពាធពីប្រទេសចិន។
លោក Gabrielius Landsbergis បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុង Vilnius កាលពីថ្ងៃព្រហស្បតិ៍ថា “យើងគិតថាចំណងមិត្តភាពសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសលទ្ធិប្រជាធិបតេយ្យ គឺមានស្ថិរភាពនិងយូរអង្វែងជាង ដោយពួកគេផ្អែកលើក្រឹត្យក្រមនៃច្បាប់ ដូច្នេះពួកគេបំពេញតាមចំណាប់អារម្មណ៍ របស់លីទុយអានីល្អជាង”៕