ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសជប៉ុន និយាយថា ចិនអញ្ជើញលោក ឲ្យធ្វើទស្សនកិច្ច

បរទេស៖រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានមានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា លោកត្រូវបានរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី អញ្ជើញឲ្យធ្វើទស្សនកិច្ចប្រទេសចិន នៅក្នុងអំឡុងកិច្ចពិភាក្សាគ្នា ដែលបានប្រារព្ធធ្វើឡើង តាមទូរស័ព្ទ កាលពីសប្ដាហ៍មុន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Straits Times នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Yoshimasa Hayashi បាននិយាយប្រាប់កម្មវិធីទូរទស្សន៍ Fuji TV ថា នៅមិនទាន់មានការកំណត់កាលបរិច្ឆេទ សម្រាប់ដំណើរទស្សនកិច្ចដែលបានលើកឡើង នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទនោះទេ។

គួរបញ្ជាក់ថា ការអញ្ជើញនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលចំណងមិត្តភាពរវាងជប៉ុនិងដៃគូជំនួញដ៏ធំបំផុតរបស់ខ្លួន មានភាពមិនពេញចិត្តជាខ្លាំងជុំវិញក្តីព្រួយបារម្ភកើនឡើង ស្តីពីការបង្ក្រាបរបស់ទីក្រុងប៉េកាំងលើហុងកុង និងភាពតានតឹងជុំវិញកោះតៃវ៉ាន់។

លោក Yoshimasa Hayashi ដែលត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ក្រោយការបោះឆ្នោតជាតិកាលពីខែមុននោះ ត្រូវបានគេមើលឃើញថា មានភាពរាក់ទាក់ចំពោះប្រទេសចិន ដោយពីមុនលោកដឹកនាំក្រុមសមាជិករដ្ឋសភា ជំរុញលើកកម្ពស់ការពិភាក្សាគ្នារវាងប្រទេសទាំងពីរ៕ប្រែសម្រួល៖ប៉ាង កុង

To Top