ព័ត៌មានជាតិ

សម្តេចតេជោ ៖ កម្ពុជាពង្រីកទីផ្សារនាំចេញកាន់ តែទូលំទូលាយ តាមរយៈកិច្ចព្រមព្រៀម ពាណិជ្ជកម្មសេរីនានា (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ធុរកិច្ចអាស៊ី-អ៊ឺរ៉ុប ថា កម្ពុជាពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយ តាមរយៈការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

ក្នុងវេទិការសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី១ ក្រោមមូលបទ «ការផ្លាស់ប្ដូរទៅគន្លងប្រក្រតីភាពថ្មី ៖ ការលើកកម្ពស់ការចូលរួម ក្នុងខ្សែច្រវាក់ តម្លៃសកល ពហុភាភីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤» នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ សម្ដេចតេជោបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំរៀបចំ និងដាក់ឲ្យអនុវត្តវិធានការគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញ ការវិនិយោគបរទេស បន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អប្រព័ន្ធដឹកជញ្ជូន ទាំងផ្នែកទន់ និងរឹង, ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការអភិវឌ្ឍធនធានមនុស្ស, ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។

សម្ដេចតេជោ មានប្រសាសន៍ថា «ជាក់ស្ដែង រាជរដ្ឋាភិបាល បានពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយ តាមរយៈការបង្កើតនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនានា ក្នុងនោះ រួមមាន ៖ កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉ ដែលនឹងចូលជាធរមាន នាពេលឆាប់ៗខាងមុខ»។

សម្ដេចតេជោបន្ដថា ជារួម ការវិវត្តជាវិជ្ជមានទាំងនេះ បាននិងកំពុងប្រែក្លាយកម្ពុជាឲ្យទៅជាទីតាំងផលិតកម្ម ធុរកិច្ច និងវិនិយោគមួយកាន់តែសំខាន់ និងមានសក្តានុពល នៅក្នុងតំបន់ ហើយមានទីផ្សារនាំចេញកាន់តែធំ ប្រកបដោយភាពប្រកួតប្រជែង សម្រាប់វិនិយោគិន ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីតំបន់អឺរ៉ុប៕

To Top