បរទេស៖ ប្រទេសអ៊ុយក្រែន ដែលចោទប្រទេសរុស្ស៊ី ពីបទប្រមូលផ្តុំកងទ័ព នៅក្បែរខ្លួន និងនិយាយថា ប្រទេសបេឡារុស អាចនឹងបញ្ជូនជនអន្តោប្រវេសន៍ ឆ្លងតាមព្រំដែនខ្លួននោះ បានចាប់ផ្តើមធ្វើប្រតិបត្តិការមួយ នៅថ្ងៃពុធនេះ ដើម្បីពង្រឹងកិច្ចការពារព្រំដែន ដោយរួមទាំង ធ្វើសមយុទ្ធយោធា សម្រាប់អង្គភាពប្រឆាំង រថក្រោះនិងដែនអាកាស។
ទីភ្នាក់ងារព្រំដែនរដ្ឋអ៊ុយក្រែន បាននិយាយថា ប្រតិបត្តិការពិសេស នៅតាមព្រំដែន ជាប់ប្រទេសបេឡារុស បានចូលរួមចដោយកងទ័ព នៃកងកម្លាំងការពារជាតិ ប៉ូលីស កងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងដទៃផ្សេងទៀត នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារព្រំដែន រដ្ឋរបស់ប្រទេសអ៊ុយក្រែន បាននិយាយប្រាប់យ៉ាងដូច្នេះថា “កងអាកាសចរណ៍ និងកូនដ្រូន ក៏នឹងត្រូវបានយកទៅប្រើប្រាស់ សម្រាប់ការល្បាតនិងឃ្លាំមើលនោះផងដែរ”។
គួរបញ្ជាក់ថា ប្រទេសអ៊ុយក្រែន បានធ្វើការបញ្ជូនកងទ័ពបន្ថែម ចំនួន៨.៥០០នាក់ ទៅកាន់តំបន់ព្រំដែនខ្លួន ជាប់នឹងប្រទេសបេឡារុស ដោយនិយាយថា ខ្លួនខ្លាចការធ្លាក់ចូល ទៅក្នុងវិបត្តិអន្តោប្រវេសន៍ ដែលគេឃើញ សហភាពអឺរ៉ុប ចោទទីក្រុង Minsk ពីបទដឹកជញ្ជូនមនុស្ស តាមយន្តហោះ ពីតំបន់មជ្ឈិមបូព៌ា ហើយជំរុញពួកគេឲ្យចូលទៅក្នុង ប្រទេសជិតខាង គឺប្រទេសប៉ូឡូញ៕ ប្រែសម្រួល៖ប៉ាង កុង