ព័ត៌មានជាតិ

សម្ដេច ស ខេង សង្ឃឹមថាទូតសិង្ហបុរីថ្មី នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយ កម្ពុជាបន្ថែមទៀត

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញ ក្ដីសង្ឃឹមថា ទូតសឹង្ហបុរីថ្មី នឹងរួមចំណែកបន្តពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-សឹង្ហបុរី ឲ្យកាន់តែរីកចំរើនថែមទៀត។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសឹង្ហបុរីថ្មី ប្រចាំកម្ពុជា នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេច ស ខេង បានថ្លែងថា «ក្នុងនាមជាសមាជិកមួយរូប នៃរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល សូមយកឱកាសនេះ ថ្លែងនូវការស្វាគមន៍ជាមួយក្ដីសង្ឃឹមថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ នៅកម្ពុជា នឹងរួមចំណែកបន្តពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងសឹង្ហបុរី និងកម្ពុជា ឲ្យកាន់តែរីកចំរើនថែមទៀត ពិសេស ក្នុងនាមជាគ្រួសារអាស៊ានតែមួយ»។

ជាការឆ្លើយតប លោកស្រី Teo Lay Cheng បាមលើកឡើងថា កន្លងមកប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការយ៉ាជិតស្និតលើកិច្ចការមួយចំនួន ក្នុងវិស័យអនុវត្តច្បាប់ ដូចជា ៖ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន, ការងារប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធអាវុធ ជាដេីម។

នាឱកាសនោះដែរ សម្ដេច ស ខេង ក៏បានរំលឹកថា កន្លងមកក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសឹង្ហបុរី ធ្លាប់មានការចុះអនុស្សារណៈជាមួយគ្នា និងទើបតែផុតសុពលភាពមួយរយៈកន្លងមក ហេីយ សម្ដេច ស្នើបន្តពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សារណៈ ឬកិច្ចព្រមព្រៀងបន្តទៀត ដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាងប្រទេសទាំងពីរ ស្របពេលដែលមកដល់ពេលនេះទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងទំនាក់ទំនងវិស័យពាណិជ្ជកម្មកាន់តែមានការរីកចំរើនជាលំដាប់។

សម្ដេច ក៏បានជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការវិស័យអនុវត្តច្បាប់នេះនឹងរួមចំណែកការពារនូវផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ដោយឡែក លោកស្រី ឯកអគ្គរដ្ឋទូតសឹង្ហបុរី បានថ្លែងអំណរគុណសម្ដេច ចំពោះការលើកឡើងនូវយោបល់រៀបចំឲ្យមានការពិនិត្យលទ្ធភាពធ្វើបច្ចុប្បន្នភាពអនុស្សារណៈដែលបានចុះហត្ថលេខាកន្លងមក៕

To Top