ព័ត៌មានជាតិ

ទូតឆែកថ្មី សន្យាជំរុញអ្នកវិនិយោគខ្លួន មកបណ្តាក់ទុន នៅកម្ពុជាឲ្យច្រើន

ភ្នំពេញ៖ លោកម៉ាទីន វែវរ៉ា (Martin Vavra) ឯកអគ្គរដ្ឋទូតឆែកថ្មី ប្រចាំកម្ពុជា បានសន្យាជំរុញអ្នកវិនិយោគខ្លួន មកបណ្តាក់ទុននៅកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត ។

ការសន្យានេះ ឆ្លើយតបតាមសំណូមពរសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសសម្តេច អនុញ្ញាតឲ្យចូលជួប សម្តែងការគួរសម នៅព្រឹកថ្ងៃ២៩ វិច្ឆិកា ។

លោកទូតបានលើកឡើងថា ក្រុមហ៊ុនរបស់ឆែក បានកំពុងវិនិយោគនៅថៃ និងវៀតណាត ដូច្នេះលោកនឹងសិក្សា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មរវាងប្រទេសទំាងពីរ ឲ្យកាន់តែមានទំហំធំឡើង ។

លោកម៉ាទីន វែវរ៉ា លើកឡើងថាឆែក បានផ្តល់ជំនួយទ្វេភាគី មកកម្ពុជាជាច្រើន នៅក្នុងវិស័យសុខាភិបាល និងអប់រំ។ កាលពីពេលថ្មីនេះ ជំនួយឧបករណ៍បរិក្ខារពេទ្យជាច្រើន បានផ្តល់ជូនមន្ទីរពេទ្យ ខេត្តតាកែវ ហើយឆែកនៅបន្ត ផ្តល់ជំនួយមនុស្សធម៌ មកកម្ពុជាបន្តបន្ទាប់ទៀត ពិសេសអាហារូបករណ៍ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា បានទៅសិក្សា នៅសាធារណរដ្ឋឆែក។

សម្តេច ហេង សំរិន បានលើកឡើងថា ប្រទេសទំាងពីរកម្ពុជា និងឆែក បានភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាអស់រយៈពេល ជាយូរមកហើយ ហើយប្រជាជាតិទាំងពីរ ទទួលបានផ្លែផ្កាដែលកើតចេញ ពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ជារៀងរហូតមក។ នៅក្នុងដំណាក់កាល ជាបន្តបន្ទាប់ ឆែកបានរួមចំណែក អភិវឌ្ឍន៍កម្ពុជាយ៉ាងច្រើន គឺតាំងពីអតីតឆេកូស្លូវ៉ាគី រហូតដល់បច្ចុប្បន្ន ។

សម្តេច បានមានប្រសាសន៍បញ្ជាក់ថា ប្រជាជនកម្ពុជា សុទ្ធតែបានដឹងថា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានសិក្សារៀនសូត្រ នៅសាធារណរដ្ឋឆែក ដែលមានប្រព័ន្ធអប់រំល្អ ប្រកបដោយគុណភាពខ្ពស់ តំាងពីសម័យមុនមកម្លេះ៕

To Top