ព័ត៌មានជាតិ

ការនាំចេញកសិផល របស់កម្ពុជារយៈពេល ១១ខែ សម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា លទ្ធផលនៃការនាំចេញកសិផល របស់កម្ពុជាក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ ទៅកាន់គោលដៅទីផ្សារ ៦៨ប្រទេស មានចំនួន ៤ ៤៣៥ ៧៦៨ ៩០៥ ដុល្លារអាមេរិក ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ ព្រៃឈើ និងឈើកៅស៊ូ ។

ក្នុងនោះ៖ការនាំចេញអង្ករមានចំនួន ៤៥៤ ៤៨០ ៨៦៦ដុល្លារអាមេរិក , ការនាំចេញស្រូវមានចំនួន ៥៤៦ ៥៦៧ ៣៥០ដុល្លារអាមេរិក ,ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៩៩០ ៩២៧ ១៣៥ ដុល្លារអាមេរិក ,ការនាំចេញកៅស៊ូធម្មជាតិមានចំនួន ៤៤៣ ៧៩៣ ៥៥៤ ដុល្លារអាមេរិក (ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១)។

យោងតាមប្រព័ន្ធទិន្នន័យ គ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៧ ១៣១ ៩១៥,០៤ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស គឺមានការកើនឡើងចំនួន ៣ ៤៤៤ ២៨៨,១៨ តោនស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ៦៨៧ ៦២៦,៨៦ តោន។

To Top