ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋខ្មែរ ថា ទោះបីកម្ពុជាមានជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ អូមីក្រុង នៅបណ្តាប្រទេសខាងទ្វីបអាហ្វ្រិកក៏ដោយ តែកុំស្លន់ស្លោហួសហេតុ កុំភ័យពេក រហូតបាត់ម្ចាស់ការ ។
ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចំណូលខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ មានការកើនឡើង បើប្រៀបធៀបទៅខែនានា។ សម្ដេច ជឿជាក់ថា ការកើនឡើងនេះ នឹងកើនឡើងជាបន្ដបន្ទាប់ មិនថយឡើយ ទោះបីមានជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ អូមីក្រុង ដែលកើតមានឡើងនៅបណ្ដាប្រទេសមួយចំនួន តែមិនទាន់មានកើតនៅកម្ពុជា។
សម្ដេចតេជោ បញ្ជាក់ថា «ទោះបីជា អូមីក្រុងមកដល់ ក៏ប៉ុន្ដែខ្ញុំ សូមបញ្ជាក់ថា យើងកុំស្លន់ស្លោហួស កុំភ័យពេក រហូតបាត់ម្ចាស់ការ។ ឥឡូវហ្នឹង អាហ្វ្រិកខាងត្បូងខ្លួនឯង បញ្ជាក់ថា វាអត់មានអីទៅណាផង ។ រួចហើយ ប្រកាសគ្រប់កន្លែង ដូចជា បំភ័យមនុស្ស។ តែយើង ក៏ត្រូវប្រយ័ត្ន»។
សម្ដេចតេជោ បន្ថែមថា អង្គការសហប្រជាជាតិ បង្ហាញការសោកស្ដាយ ចំពោះតំបន់អាហ្វ្រិក ដោយគេកាត់ផ្ដាច់តំបន់នេះ ដោយកើតជំងឺ អូមីក្រុង ហើយ អង្គការសហប្រជាជាតិ ស្នើមកវិញ តាមរយៈបង្កើនការធ្វើតេស្ដ។
សម្ដេចតេជោ ណែនាំដល់ក្រសួងសុខាភិបាល ត្រូវបង្កើនការធ្វើតេស្ដ ប្រទេសទាំង១០ ក្នុងតំបន់អាហ្វ្រិក។ សម្ដេច ក៏ឲ្យក្រសួងសុខាភិបាលពិចារណា ចំពោះការបើកឡើងវិញ នូវប្រទេសទាំង១០នេះ ដោយជំនួសមកវិញនូវការបង្កើនធ្វើតេស្ដតាម PCR ។ សម្ដេចថា កម្ពុជាធ្វើបែបនេះ កម្ពុជានឹងមិនឯកការ ដោយមានឥរិយាបទ រើសអើងជាមួយ ប្រទេសអាហ្វ្រិក ទាំងនោះ។
សម្ដេចតេជោ ក៏បានប្រាប់ប្រជាពលរដ្ឋខ្មែរ បើមានការភ័យជ្រុល ចំពោះ ជំងឺអូមីក្រុង នាំឲ្យមានកើតជំងឺផ្សេងៗ។ សម្ដេចថា «យើងមិនហ៊ានហួស ហើយក៏មិនខ្លាចពេក តែមិនហ៊ានពេក»។ សម្ដេចថា អ្វីដែលចាំបាច់ គឺពង្រឹងវិធានការសុខាភិបាល៕