ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិសហភាពអារ៉ាប់រួម៖ យន្តហោះចម្បាំងបារាំងមិនមែន ជំនួសយន្តហោះអាមេរិកទេ

បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសសហភាពអារ៉ាប់រួមបាននិយាយថា ការទិញយន្តហោះចម្បាំង Rafale របស់បារាំង នឹងបំពេញបន្ថែមលើកិច្ចព្រមព្រៀងគ្រោងទុករបស់ខ្លួន ក្នុងការទិញយន្តហោះចម្បាំង F-35 របស់អាមេរិក ដែលបានមានភាពយឺតយ៉ាវ ដោយសារតែក្តីព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញចំណងមិត្តភាពសហភាពអារ៉ាប់រួមជាមួយចិន។


ប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រនេះ កាលពីថ្ងៃសុក្រ បានបញ្ជាទិញយន្តហោះចម្បាំង Rafales ដែលផលិតដោយក្រុមហ៊ុន Dassault Aviation ចំនួន៨០គ្រឿង និងឧទ្ធម្ភាគចក្រយោធា Caracal ផលិតដោយក្រុមហ៊ុន Airbus Helicopters ចំនួន១២គ្រឿង នៅក្នុងកុងត្រាអាវុធមួយមានទំហំទឹកប្រាក់១៩,២ពាន់លានដុល្លារ។


លោកឧត្តមសេនីយ៍ Ibrahim Nasser Al Alawi ជាមេបញ្ជាការនៃកងទ័ពជើងអាកាសនិងការពារដែនអាកាសសហភាពអារ៉ាប់រួម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំង Rafale ទាំងនោះ នឹងយកមកប្រើជំនួសកងយន្តហោះផលិតដោយបារាំង Mirage 2000 របស់សហភាពអារ៉ាប់រួម។


លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “កិច្ចព្រមព្រៀងនេះ មិនត្រូវចាត់ទុកថា ជាជម្រើសមួយផ្សេងទៀតសម្រាប់កិច្ចព្រមព្រៀងយន្តហោះចម្បាំង F-35 នោះទេ វាជាកិច្ចព្រមព្រៀងបំពេញបន្ថែម ស្របពេលដែលយើងអភិវឌ្ឍសមត្ថភាពកងកម្លាំងជើងអាកាសរបស់យើង” ហើយលោកបន្តថា សហភាពអារ៉ាប់រួមកំពុងតែស្វែងរកពេលវេលាខ្លះៗ ដើម្បីផ្លាស់ប្តូរកងយន្តហោះ Mirage របស់ខ្លួន៕


ប្រែសម្រួល៖ប៉ាង កុង

To Top