ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានចាប់ និង បង្គាប់ឱ្យឃុំ យុវជនត្រូវចោទ ចំនួន៣នាក់ នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បី រង់ចាំ សវនាការ តាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធការ ជួញដូរគ្រឿងញៀន និង ការប្រើប្រាស់អាវុធ ខុសច្បាប់ ប្រព្រឹត្តត្រង់ចំណុចភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២១។
យោងតាមដីកាតុលាការ បានអោយដឹងថា ជនត្រូវចោទទាំង៣នាក់ ខាងលើនេះ មានឈ្មោះ៖ ទី ១ -ឈ្មោះ អ៉ឹម សុវិចិត្រ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ទី ២ -ឈ្មោះ ស៊ឹម ចិត្រា ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ និង ទី ៣-ឈ្មោះ ខាត់ ឧត្តម ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។
ពួកគេត្រូវបានជាប់ចោទពីបទ: ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន និង ការប្រើប្រាស់អាវុធ ខុសច្បាប់ ។
ពួកគេ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២១ ត្រង់ចំណុចភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាល ដកហូត
គ្រឿងញៀន ចំនួន ១១ កញ្ចប់ តូច , អាវុធខ្លីចំនួន ១ដើម ម៉ាក់ កា៥៩ (K 59) លេខ ៧៦៧៦, បង់ចំនួន១ និង គ្រាប់ចំនួន ២គ្រាប់ ព្រមទាំងសម្ភារៈប្រើប្រាស់ថ្នាំញៀន មួយចំនួនទៀត ពី ពួកគេ៕ ដោយ រស្មី អាកាស