ព័ត៌មានអន្តរជាតិ

សិង្ហបុរី រកឃើញអ្នកឆ្លងវីរុស បំប្លែងខ្លួនថ្មី Omicron ចំនួន២ ករណីហើយ

សិង្ហបុរី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយថា ប្រទេសសិង្ហបុរី នៅថ្ងៃចន្ទនេះ បានបញ្ជាក់ករណី នាំចូលចំនួន ២ជាមួយនឹងវីរុសបំប្លែងខ្លួនថ្មី Omicron ដែលជាមេរោគបង្ក ជំងឺកូវីដ-១៩ ។

ជនជាតិសិង្ហបុរីទាំង២នាក់ បានធ្វើតេស្តវិជ្ជមាន ជាបឋមសម្រាប់វីរុសបំប្លែងខ្លួនថ្មី Omicron កាលពីថ្ងៃទី២ ខែធ្នូ ។ មន្ទីរពិសោធន៍ សុខភាពសាធារណៈជាតិបានបញ្ចប់ការចាត់ថ្នាក់មេរោគ ទាំងមូលសម្រាប់ករណី និងបានបញ្ជាក់ថា ពួកគេឆ្លងមេរោគ Omicron ដែលជាប្រភេទបំប្លែងថ្មី ។ អ្នកឆ្លងទាំង២នាក់បានចាក់ថ្នាំបង្ការគ្រប់កម្រិត ហើយមានរោគសញ្ញាស្រាលនៃការក្អក និងឈឺក្នុងបំពង់ក ។

ក្រសួងបានឲ្យដឹងថា ពួកគេត្រូវបានដាក់ឱ្យនៅដាច់ពីគេ នៅពេលមកដល់ប្រទេសសិង្ហបុរីនៅថ្ងៃទី១ ខែធ្នូ ។

ករណីមួយ គឺបុរសអាយុ៤៤ឆ្នាំម្នាក់ដែលបានមកពីប្រទេស ម៉ូហ្សាំប៊ិក ដោយឆ្លងកាត់ទីក្រុង Johannesburg ។ ករណីមួយទៀត គឺស្ត្រីអាយុ៤១ឆ្នាំមកពីអាហ្វ្រិកខាងត្បូង ។

ប្រទេសសិង្ហបុរី បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៦២នាក់កាលពីថ្ងៃចន្ទ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមករណីថ្មី៦៣៨នាក់ត្រូវបាន រកឃើញនៅក្នុងសហគមន៍ ១៣ករណីនៅក្នុងអន្តេវាសិកដ្ឋានពលករចំណាកស្រុក និង១១ករណីនាំចូល ។

ករណីកូវីដ-១៩ សរុបចំនួន៨៥០នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្នុងប្រទេសអាស៊ីអាគ្នេយ៍ ។

ក្រសួងបានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ចំនួន៩នាក់ទៀត ដែលមានអាយុចន្លោះពី៨១ ទៅ៩៧ឆ្នាំបានស្លាប់ដោយសារផលវិបាក ដោយសារការឆ្លងវីរុសនេះ នាំឱ្យចំនួនអ្នកស្លាប់ទាក់ទង នឹងវីរុសនេះឡើងដល់៧៦៣នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top