ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថា បារាំង បានរាយការណ៍កាលពីថ្ងៃអង្គារ ថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៥៩.០១៩ នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលជាកំណត់ត្រាប្រ ចំាថ្ងៃខ្ពស់ដែលបានរាប់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ ។
ទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសបារាំង បានឲ្យដឹងថា ស្ថាប័នរដ្ឋាភិបាលបានរាយការណ៍ដល់ក្រសួងសុខាភិបាលបារាំង ថា អ្នកជំងឺកូវីដ-១៩ចំនួន១៦៨នាក់ បានស្លាប់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ និងអ្នកជំងឺចំនួន១២.៧១៤នាក់បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅទូទាំងប្រទេស ។
ទន្ទឹមនឹងនេះដែរ ក្រសួងបានរាយការណ៍ថា កំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុតនៃអ្នកដែលបានចាក់ដូសជំរុញមាន៦៨៧.៤៩៨ នាក់ គិតក្នុងរយៈពេល២៤ម៉ោង និងដូសបន្ថែមពី១០៥.០០៩ដូស កាលពីថ្ងៃមុន ។
លោក Gabriel Attal អ្នកនាំពាក្យរដ្ឋាភិបាលបារាំង បានប្រាប់ដល់វិទ្យុបារាំង France Inter កាលពីថ្ងៃអង្គារថា “នៅក្នុងដំណាក់កាលនេះ ពលរដ្ឋបារាំង៧លាននាក់បានទទួលការចាក់ដូសជំរុញគិតត្រឹមចុងខែធ្នូនេះ” ។
ក្រសួងបានឲ្យដឹងថា សរុបពលរដ្ឋដែលទទួលដូសជំរុញមាន១១.៦១៩.៨៣១នាក់គិតចាប់ ពីថ្ងៃទី១ ខែកញ្ញា នៅគ្រាដែល យុទ្ធនាការដូសជំរុញបានចាប់ផ្តើមក្នុងប្រទេសបារាំង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា