វ៉ាស៊ីនតោន៖ សារព័ត៌មាន Vox របស់សហរដ្ឋអាមេរិកបានឲ្យដឹងនៅក្នុងរបាយការណ៍ថ្មីៗនេះថា ជិតពីរឆ្នាំនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ឥឡូវនេះសហរដ្ឋអាមេរិក នៅតែខ្វះគោលដៅច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។
អត្ថបទដែលបានបោះពុម្ពផ្សាយនៅថ្ងៃទី០៦ ខែធ្នូ បានឲ្យដឹងថា ទោះបីជាគោលបំណងដំបូងរបស់មន្ត្រីអាមេរិកគឺ “ធ្វើឱ្យខ្សែកោងរាបស្មើ” ក៏ដោយ ពួកគេមិនដែលបានបញ្ជាក់អំពីកម្រិតណានៃជំងឺកូវីដ-១៩ ដែលប្រទេសនេះអាចអត់ធ្មត់បានចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតឡើយ។
ប្រភពបានឲ្យដឹងថា “ទោះបីជាមន្ត្រីរដ្ឋាភិបាលបានបង្កើន និងកាត់បន្ថយការរឹតបន្តឹងក៏ដោយ ពួកគេកម្របានផ្តល់ស្តង់ដារច្បាស់លាស់ – គោលដៅជាមួយនឹងម៉ែត្រជាក់លាក់ ដែលភ្ជាប់ជាមួយពួកគេ – ពន្យល់ពីអ្វីដែលជំរុញឱ្យមានការផ្លាស់ប្តូរឡើយ”។
ប្រភពបានឲ្យដឹងទៀតថា “ផ្ទុយទៅវិញ មន្ត្រីនៅទូទាំងប្រទេស ហាក់ដូចជាបានអនុម័ត និងបន្ធូរបន្ថយច្បាប់ដោយផ្អែកលើការយកចិត្តទុកដាក់របស់ប្រព័ន្ធផ្សព្វផ្សាយ មនោសញ្ចេតនានយោបាយ និងការរិះគន់សាធារណៈ”។
តើមានករណីប៉ុន្មានករណីសម្រាកព្យាបាល នៅមន្ទីរពេទ្យឬការស្លាប់ដែលយើងមិនដឹង? ឬក៏ជាវិធានការត្រឹមត្រូវដែរ ? “យ៉ាងហោចណាស់មន្ត្រីសាធារណៈ ក៏មិនផ្តល់ចម្លើយច្បាស់លាស់នោះដែរ”។
អត្ថបទនេះបានកើតឡើងចំពេលមានការព្រួយបារម្ភជាថ្មីជុំវិញពិភពលោក ដែលបណ្តាលមកពីការលេចចេញ និងការរីករាលដាលយ៉ាងឆាប់រហ័សនៃទម្រង់ឆ្លងថ្មីអូមីក្រុង Omicron ដែលអត្ថបទនេះបានឲ្យដឹងថា ត្រូវការការបំភ្លឺពីមេដឹកនាំសហរដ្ឋអាមេរិកថា “តើអ្វីទៅជាចំណុចនៃការប្រុងប្រយ័ត្នថ្មី”៕
ដោយ ឈូក បូរ៉ា