ភ្នំពេញ: តុលាការកំពូល កាលពីថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ ២០២១ បានប្រកាសសាលដីកា តម្កល់ទោស ពិរុទ្ធជន ជនជាតិចិនម្នាក់ ជាប់គុក១០ ឆ្នាំ ជាប់ពាក់ព័ន្ធអំពើឃាតកម្ម ដោយចាក់សម្លាប់ បុរសជនជាតិចិនម្នាក់ ដោយរឿងជម្លោះពាក្យសម្ដីគ្នា ប្រព្រឹត្តនៅចំណុចប្តូរប្រាក់ជំាងស៊ូ សិត្ថនៅក្រុងទី ១៤ ភូមិ០៤ សង្កាត់ លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងខែកញ្ញាឆ្នាំ ២០១៩។
លោក និល ណុន ជាប្រធានចៅក្រមជំនុំជម្រះ បានអោយដឹងថា ជនជាប់ចោទ រូបនេះ មានឈ្មោះ Zhou Ya Yun ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ចិន ។
ចំណែកឯ ជនរងគ្រោះ មានឈ្មោះ Wu Cheng Hui ភេទ ប្រុស ជនជាតិចិន មានមុខរបរ លក់ចាប់ហួយ និង ប្ដូរលុយ មានទីលំនៅ នៅចំណុចកើតហេតុខាងលើ ។
នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទឈ្មោះ Zhou Ya Yun ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃ ទី២២ ខែ វិច្ឆិកា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារកំណត់ ១០ឆ្នាំ ពីបទ: ឃាតកម្ម និង បទលាក់បាំងសាកសព តាមបញ្ញត្តិ មាត្រា ១៩៩ និង មាត្រា ៥៣១ នៃក្រមព្រហ្មទណ្ឌ ។
តែគាត់បានប្តឹង ឧទ្ទរណ៍ ខណៈ សាលាឧទ្ធរណ៍ខេត្តព្រះសីហនុបានតម្កល់ទោសគាត់រក្សានៅដដែល។ គាត់ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។
ជនជាប់ចោទ ត្រូវបានចាប់ ឃាត់ខ្លួន ដោយ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩ បន្ទាប់ពីគាត់បាន សម្លាប់ជនរងគ្រោះ ដោយចាក់នឹងកាំបិត រួចហើយ កាប់សាកសពជាបី កំណាត់ ខ្ចប់ក្នងថង់ខ្មៅ ដឹកតាមឡាន យកទៅបោះចោលនៅក្នុងដីឡូត៍មួយកន្លែង នៅក្នុងខេត្តព្រះសីហនុ រួចគេខ្លួន ៕
ដោយ រស្មី អាកាស