ព័ត៌មានជាតិ

ក្រុមហ៊ុន ERA CAMBODIA បើកសម្ពោធ​ ការិយាល័យកណ្តាលថ្មី នៅអគារ GIA TOWER ជាន់ទី២៥

ភ្នំពេញ ៖ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន ERA CAMBODIA បានបើកសម្ពោធការិយាល័យកណ្តាលថ្មី នៅអគារ GIA TOWER ជាន់ទី២៥ ដែលមានទីតាំង នៅកោះពេជ្រ រាជធានីភ្នំពេញ ។

នាឱកាសនោះដែរ លោក ខន គង្គា អគ្គនាយក ក្រុមហ៊ុន ERA CAMBODIA បានលើកឡើងថា ក្រុមហ៊ុនអចលនទ្រព្យ ERA គឺជាក្រុមហ៊ុន អលនទ្រព្យលំដាប់កំពូល កម្រិតពិភពលោក បង្កើតឡើងនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៧២ ។ គិតត្រឹមចុងឆ្នាំ២០២១ ក្រុមហ៊ុនERA មានការិយាល័យ ចំនួន២ ២០០ ការិយាល័យ នៅ៣៧ ប្រទេសទូទាំងពិភពលោក និងមានសមាជិកភ្នាក់ងារ អចលនទ្រព្យ សរុបប្រមាណ ៣៩ ០០០អ្នក។

លោក បានបន្ដថា ក្រុមហ៊ុន ERA CAMBODIA បានឈានជើងចូលទីផ្សារកម្ពុជា នៅឆ្នាំ ២០១៨ ដែលត្រូវបាននាំយក និងដឹកនាំដោយ លោក ជាអគ្គនាយក នៃក្រុមហ៊ុនផ្ទាល់ ។ ក្នុងរយៈពេលប្រហែល ៤ឆ្នាំ នៃការដំណើរការ របស់ក្រុមហ៊ុន ERA CAMBODIA ក្រុមហ៊ុនពង្រីកការិយាល័យបាន ចំនួន៣ទីតាំង ជាមួយនឹងភ្នាក់ងារ អចលនទ្រព្យ ជាង ១ ៣០០ អ្នកទូទាំងប្រទេស ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអចលនទ្រព្យ ERA CAMBODIA ជាក្រុមហ៊ុនមានឯកទេស ប្រកបដោយវិជ្ជាជីវៈ ក្នុងការបម្រើសេវាកម្មជាភ្នាក់ងារទិញលក់ និងធ្វើទីផ្សារ សម្រាប់គម្រោងខុនដូ និងអាគារ ពាណិជ្ជកម្ម ខ្នាតធំនៅកម្ពុជា ហើយក្រុមហ៊ុន ក៏មានទស្សនៈវិស័យ ក្នុងការពង្រីក សក្តានុពលភ្នាក់ងារ របស់ខ្លួនសម្រាប់ការ ផ្តល់សេវាកម្ម ទៅកាន់ប្រទេសនានា ក្នុងតំបន់ផងដែរ។

គិតត្រឹមដំណាច់ឆ្នាំ២០២១ ទីតាំងការិយាល័យទាំង ៣ របស់ក្រុមហ៊ុន ERA នៅកម្ពុជា រួមមាន ៖ ការិយាល័យកណ្តាល ៖ #G2510 – G2512 ជាន់ទី ២៥ អគារ GIA TOWER កោះពេជ្រ រាជធានីភ្នំពេញ, ការិយាល័យភ្នំពេញ ៖ #247 ផ្លូវ៥១ កែងនឹងផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, ការិយាល័យសៀមរាប ៖ ផ្សារទំនើប MAKRO សៀមរាប ផ្លូវជាតិលេខ ៦ ក្រុងសៀមរាប ខេត្តសៀមរាប ។

ការិយាល័យកណ្ដាលថ្មី របស់ក្រុមហ៊ុន ERA Cambodia គឺជាការិយាល័យលំដាប់អន្តរជាតិ ស្ថិតក្រោមកម្មសិទ្ធផ្ទាល់ របស់ក្រុមហ៊ុន មានលក្ខណៈជា One-Stop Service និងពោរពេញដោយបរិក្ខារសម្បូរបែប ក្នុងការបម្រើ ដល់អតិថិជន ភ្នាក់ងារ អចលនទ្រព្យ ERA Cambodia និងអ្នកអភិវឌ្ឍន៍ អចលនទ្រព្យ ។ បរិក្ខារការិយាល័យកណ្តាល របស់ក្រុមហ៊ុន ERA Cambodia រួមមាន ៖ បញ្ជរទទួលភ្ញៀវ កន្លែងតាំងបង្ហាញគម្រោង អចលនទ្រព្យ សាលប្រជុំ និងបបណ្ដុះបណ្ដាល បន្ទប់អគ្គនាយក បន្ទប់ប្រជុំ កន្លែងទទួលទានអាហា រួមនឹងបញ្ជរសម្រាប់ផ្តល់ការគាំទ្រ ដល់ភ្នាក់ងារ អចលនទ្រព្យ ERA Cambodia ផងដែរ ។

សូមបញ្ជាក់ថា ក្រៅពីការសម្ពោធ ការិយាល័យកណ្តាលថ្មី ក្រុមហ៊ុនក៏បានដាក់សម្ពោធ ឱ្យប្រើប្រាស់កម្មវិធី ទូរស័ព្ទថ្មី និងទំនើបជាងគេ សម្រាប់វិស័យអចលនទ្រព្យ ដែលមានឈ្មោះថា IERA KH។ កម្មវិធីទូរស័ព្ទ IERA KH ជាកម្មវិធីទូរស័ព្ទផ្តាច់មុខ សម្រាប់ភ្នាក់ងារអចលនទ្រព្យក្រុមហ៊ុន ERA Cambodia មានលក្ខណៈទំនើប និងឈានមុខគេ ដោយមានមុខងារ សំខាន់ៗ ដែលអាចជួយគាំទ្រ ដល់ដំណើរការបម្រើ សេវាកម្មដល់ អតិថិជន បានរហ័ស និងមានប្រសិទ្ធិភាពជាងមុន ដោយក្រុមហ៊ុនបានសហការជាមួយអ្នកជំនាញ ក្នុងការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ មកពីប្រទេសអាមេរិក និងឥណ្ឌា។ ភ្នាក់ងារអចលនទ្រព្យ ERA Cambodia អាចធ្វើការទាញយកកម្មវិធីពី App Store និង Play Store បាន ៕

To Top