ព័ត៌មានជាតិ

លោក ឃួង ស្រេង ឲ្យអាជ្ញាធរ សម្អាតបរិស្ថាន មហាវិថីឈ្នះឈ្នះ និងផ្លូវ១៧៨ ទទួលសម្តេចតេជោ ក្នុងថ្ងៃសម្ពោធ សមិទ្ធផល ពហុកីឡដ្ឋានថ្មី

ភ្នំពេញ ៖ ក្នុងឱកាសចុះពិនិត្យស្ថានភាពបរិស្ថាន និងសោភ័ណ្ឌភាព ជុំវិញមហាវិថីឈ្នះឈ្នះ និងកំណាត់ផ្លូវលេខ១៧៨ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធបោសសម្អាតបរិស្ថាន នៅមហាវិថីឈ្នះឈ្នះ និងរៀបចំសណ្តាប់ធ្នាប់ សាធារណៈឲ្យបានល្អ ដើម្បីទទួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃ១៨ធ្នូ ខាងមុខ ។

លោក ឃួង ស្រេង បានធ្វើការណែនាំទៅក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម ធ្វើការបោស កើប ប្រមូលនិងដឹកជញ្ជូនសំរាមឲ្យបានស្អាត ហើយធុងសំរាមដែលមានសភាពចាស់ៗ ក៏តែត្រូវប្តូរថ្មីឲ្យបានស្អាត ដើម្បីលើកសោភ័ណ្ឌភាពនៅលើកំណាត់ផ្លូវនេះ ឲ្យបានល្អប្រសើរ ។ បន្ថែមពីលើនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ត្រូវបាញ់ទឹកលាងសម្អាតផ្លូវ កើបដីនិងជួសជុលផ្លូវផងដែរ ដើម្បីឲ្យស្ថានភាពមហាវិថីឈ្នះឈ្នះនេះ មានសោភ័ណ្ឌភាព សណ្តាប់ធ្នាប់ និងបរិស្ថានល្អប្រសើរ ។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានបន្តដំណើរចុះទៅពិនិត្យស្ថានភាពផ្លូវ ក៏ដូចជាសណ្ដាប់ធ្នាប់សាធារណៈ នៅលើកំណាត់ផ្លូវ១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញបន្តទៀត ខណៈសម្ដេចតេជោ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសម្ពោធសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ (Hyatt Regency Phnom Penh Hotel) នៅព្រឹកស្អែកទី១៥ ធ្នូនេះតែម្តង ៕

To Top