វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានឲ្យដឹងថា គ្មានបុគ្គលិកយោធាណា ដែលពាក់ព័ន្ធនឹងការវាយប្រហារដោយយន្តហោះដ្រូន ដែលបានសម្លាប់ជនស៊ីវិល ១០ នាក់ រួមទាំងកុមារ ៧ នាក់នៅក្នុងទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថានក្នុងខែសីហា នឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសឡើយ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បានអនុម័តអនុសាសន៍ពីប្រធានបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Kenneth McKenzie និងមេដឹកនាំបញ្ជាការប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក លោកឧត្តមសេនីយ Richard Clarke ក្នុងការមិនចាត់វិធានការរដ្ឋបាលណាមួយប្រឆាំងនឹងអ្នកពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី២៩ ខែសីហា នៅទីក្រុងកាប៊ុល នោះឡើយ។
ក្រសួងការពារជាតិបានទទួលស្គាល់កាលពីខែកញ្ញាថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលបានកើតឡើងនៅថ្ងៃចុងក្រោយនៃការដកទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដ៏ច្របូកច្របល់ គឺជា “កំហុសដ៏សោកសៅ” ដែលបានសម្លាប់ជនស៊ីវិល រួមទាំងកុមារចំនួន 7 នាក់ផងដែរ។
មន្ត្រីមន្ទីរបញ្ចកោណបានឲ្យដឹងនៅមុននេះថា ការវាយប្រហារនេះ គឺចាំបាច់ដើម្បីការពារ “ការគំរាមកំហែងរបស់ក្រុម ISIS-K ដែលជិតមកដល់” ចំពោះកងកម្លាំងសហរដ្ឋអាមេរិក ដែលកំពុងជម្លៀសប្រជាជននៅអាកាសយានដ្ឋានកាប៊ុល៕
ដោយ ឈូក បូរ៉ា