ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញនៅព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH»។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ បានសាងសង់ក្នុងតម្លៃ ១៨០លានដុល្លារ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានទិញម៉ាកយីហោមកពីអាមេរិក។ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី» គឺជាពាណិជ្ជកម្មមួយរបស់ «ហៃយ៉ាត់ ហូថែល ខបភើរេសិន» ដែលជាក្រុមហ៊ុនលំដាប់ពិភពលោក កំពុងប្រតិបត្តិការសណ្ឋាគារជាង ៩០០ទីតាំង ក្នុង៦៥ប្រទេស និងមានយីហោប្រណិតចំនួន២១។

សណ្ឋាគារនេះមានបន្ទប់ចំនួន ២៤៧បន្ទប់ ដែល ៤៣បន្ទប់ជាបន្ទប់ប្រភេទស្វីត។ សណ្ឋាគារ ក៏មានរីជិនស៊ីក្លិប (Regency Club) ដែលជាកន្លែងសម្រាប់ ទទួលភ្ញៀវលំដាប់ វីអាយភី ស្ថិតនៅជាន់ទី១០។ រីជិនស៊ី ប៊លរូម (Regency Ballroom) ជាសាលដ៏ធំទូលាយ និងទំនើបសម្រាប់រៀបចំ កម្មវិធីនិងកិច្ចប្រជុំគ្រប់ប្រភេទ។

វត្តមានសណ្ឋាគារនេះ នឹងចូលរួមចំណែកក្នុងការនាំ មកនូវកំណើនភ្ញៀវទេសចរ តាមរយៈការទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិ និងធុរជនពីគ្រប់ទិសទីលើសកលលោក មកកាន់ប្រទេសកម្ពុជា ៕

To Top