បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាកងកម្លាំងយោធា របស់សហរដ្ឋអាមេរិក បានធ្វើការបាញ់ទំលាក់ដ្រូនមួយគ្រឿង ដែលជឿជាក់ថា បានបង្កការគម្រាមកំហែង ទៅដល់ទីតាំងមូលដ្ឋានទ័ពរបស់ខ្លួន នៅភាគខាងត្បូង ប្រទេសស៊ីរី។
ការបាញ់ទំលាក់ដ្រូននេះ ត្រូវបានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមូលដ្ឋានទ័ពដដែលនេះ ធ្លាប់បានទទួលរងការវាយប្រហារ ដោយដ្រូនជាច្រើនគ្រឿង បូករួមទាំងគ្រាប់រ៉ូកែតផង។
អ្នកនាំពាក្យរបស់យោធាអាមេរិក បាននិយាយថាដ្រូន២គ្រឿង បានធ្វើដំណើរចូលដល់ដែនអាកាស នៃមូលដ្ឋានទ័ពរបស់ខ្លួន ហើយជាលទ្ធផលកងកម្លាំងបានសម្រេចចិត្ត បាញ់ទំលាក់បានតែ១គ្រឿងប៉ុណ្ណោះ។
ប្រភពដដែលបានបន្តដែរថា ទោះបីជាយ៉ាងណាក្តី គេមិនអាចបញ្ជាក់បានទេថាដ្រូនទាំងពីរ មានផ្ទុកជាមួយនឹងអាវុធ ឬយ៉ាងណានោះទេ ខណៈដែលដ្រូនទី២ បានហោះចាកចេញភ្លាម ក្រោយកើតហេតុ៕ ប្រែសម្រួល៖ស៊ុនលី