ព័ត៌មានជាតិ

លោក សុខ ទូច ៖ គ្រាន់តែខេត្តកំពង់ធំ អ្នកទន្រ្ទានដីព្រៃលិចទឹក ជាង១០ម៉ឺនហិកតា , ត្រូវចេញសារភាព ដោយស្មោះត្រង់

ភ្នំពេញ ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ដែលជាអ្នកចុះតាមដានករណី រំលោភបំពានតំបន់ដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប បានថ្លែងអះអាង ពីការរកឃើញនូវបទល្មើស ការបំពានដីព្រៃលិចទឹកថា គ្រាន់តែ ខេត្តកំពង់ធំ មួយប៉ុណ្ណោះ មានអ្នកកាន់កាប់ទន្ទ្រាន ដីព្រៃលិចទឹកជាង១០ ម៉ឺនហិកតា មិនមែនខ្ទង់ពាន់ហិកតា នោះទេ ដូច្នេះអ្នកទាំងនោះ ត្រូវចេញមុខមកសារភាព ដោយស្មោះត្រង់ជាមួយប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងសន្និសីទអន្តរជាតិ ប្រចាំឆ្នាំលើកទី១៦ស្ដីពី «បរិបទថ្មីនៃទំនាក់ទំនងអាស៊ាន និងកូរ៉េ» នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោក សុខ ទូច បានថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរមួយចំនួន ដើម្បីផលប្រយោជន៍រៀងៗខ្លួន ហ៊ានកាប់ដីព្រៃលិចទឹក នៅបឹងទន្លេសាប ដោយមិនគិតពីផលប្រយោជន៍ ជាតិជាធំទេ ។

លោកបញ្ជាក់ថា « ខ្ញុំយកឱកាសនេះនិយាយ គ្រាន់តែខេត្តកំពង់ធំមួយអស់ ១០ម៉ឺនជាងហិកតា តែឆ្លើយតែ៣ពាន់ទេ ខ្ញុំទប់អត់បាន ផ្តាំទៅថា មិនមែន៣ ពាន់ទេ ជាង១០ម៉ឺនហិកតា ។ សូមឲ្យអ្នកទាំងអស់នោះ មានភាពស្មោះត្រង់ ចំពោះប្រជាជនកម្ពុជា ជាមួយរដ្ឋាភិបាល» ។

លោកបន្ដថា «ខ្ញុំទប់ អត់បាន អីចឹងខ្ញុំ យកវេទិកានេះប្រាប់ហើយ សូមឲ្យអ្នកទាំងអស់នោះសម្តែងភាពស្មោះត្រង់ ខ្ញុំស្គាល់ម្ចាស់ភាគច្រើន ហើយ តែសូមឲ្យអ្នកទាំង អស់នោះ សម្តែងការពិត ជូនរដ្ឋាភិបាល ។ ខ្ញុំដឹងថា មានគ្រោះថ្នាក់ ប៉ុន្តែខ្ញុំធ្វើដើម្បីបុព្វហេតុជាតិ យុវជន ហើយយុវជនត្រូវត្រៀមខ្លួន»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិ ចំពោះអ្នកកាប់ដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ក្រោយបានទទួលរបាយ ការណ៍ពីរាជបណ្ឌិត្យសភាកម្ពុជាថា អតីតអភិបាលខេត្តកំពង់ឆ្នាំង បានកាប់បំផ្លាញយកដីព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាប ជាង២ពាន់ហិកតា។

ក្រោយចុះស៊ើបអង្កេត ចំពោះអ្នកកាប់ដីព្រៃលិចទឹក នៅតំបន់ទន្លេសាប អង្គភាពប្រឆាំង អំពើពុករលួយ (ACU) នៅថ្ងៃ១៦ ធ្នូ បានសម្រេចឃាត់ខ្លួន លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង ខេត្តកំពង់ឆ្នាំង និងលោកវរ សេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ឆ្នាំង បន្ទាប់ពីបញ្ចប់ការសួរនាំពាក់ព័ន្ធការ កាន់កាប់ព្រៃលិចទឹកនៅតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងដែលជាតំបន់ហាមឃាត់ នៃការកាប់ទន្ទ្រានព្រៃលិចទឹក ៕

To Top