ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការណាតូ៖ រុស្ស៊ី ជាមហាអំណាចកំពុងធ្លាក់ចុះ ប៉ុន្តែនៅតែបង្កការគម្រាមកំហែង

បរទេស៖ អគ្គលេខាធិការអង្គការ សម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg នាពេលថ្មីៗនេះ បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ីអាចកំពុង ស្ថិតក្នុងការធ្លាក់ចុះនៃសេដ្ឋកិច្ច ប៉ុន្តែវានៅតែបង្កការគម្រាមកំហែង យោធាដ៏គួរឲ្យខ្លាច ជាពិសេសក្នុងវិស័យសព្វាវុធទំនើប និងសង្គ្រាមលើអ៊ីនធឺណេត។

លោកបាននិយាយប្រាប់កម្មវិធី របស់ទីភ្នាក់ងារសារព័ត៌មាន CNBC ដូច្នេះថា ប្រទេសរុស្ស៊ី គឺជាមហាអំណាចមួយដែលកំពុងតែធ្លាក់ចុះ មានន័យសំដៅដល់សារៈសំខាន់ សេដ្ឋកិច្ចរុស្ស៊ី គឺផលិតផលជាតិសរុប កំពុងតែតាមមិនទាន់ ប្រទេសដទៃទៀតជាច្រើន នៅក្នុងពិភពលោក ប៉ុន្តែបើទោះជាសេដ្ឋកិច្ច ស្ថិតក្នុងការធ្លាក់ចុះក៏ដោយ ក៏អំណាចនៅក្នុងពេលសេដ្ឋកិច្ចធ្លាក់ចុះនេះ នៅតែអាចបង្កការគម្រាមកំហែង និងការលំបាកបានដែរ។

លោក Jens Stoltenberg បានថ្លែងប្រាប់ថា “មិនមែនតិចតួចនោះទេ ព្រោះតែប្រទេសរុស្ស៊ី មានអាវុធនុយក្លេអ៊ែ ហើយរុស្ស៊ីកំពុងតែវិនិយោគ ក្នុងសមត្ថភាពយោធាទំនើបថ្មី ដាក់ពង្រាយមីស៊ីលលឿនជាងសម្លេងថ្មី ហើយក៏មានមីស៊ីល មានសមត្ថភាពនុយក្លេអ៊ែ ដាក់ពង្រាយនៅក្នុងតំបន់អឺរ៉ុបផងដែរ។ ដូច្នោះហើយ យើងចំាបាច់ត្រូវតែគិត ដល់រឿងនោះឲ្យបានហ្មត់ចត់”។

គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់ អគ្គលេខាធិការអង្គណាតូនេះ គឺត្រូវបានធ្វើឡើង ស្របពេលមានភាពតានតឹង និងការគម្រាមកំហែង តាមពាក្យសម្តីកើនឡើង រវាងរុស្ស៊ីនិងលោកខាងលិច ពាក់ព័ន្ធនឹងការប្រមូលផ្តុំយោធា ដ៏ធំរបស់ប្រទេសរុស្ស៊ី នៅតាមព្រំដែននៃប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top