ព័ត៌មានជាតិ

រដ្ឋបាលគយចិន ប្រកាសពីវិធីសាស្រ្តគ្រប់គ្រងទីតាំងផលិតទំនិញ នាំចូល-នាំចេញរវាង ចិន-កម្ពុជា

ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋបាលគយចិន ប្រកាសជាផ្លូវការនូវវិធីសាស្រ្តគ្រប់គ្រងទីតាំងផលិតទំនិញ នាំចូល-នាំចេញ ក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង ចិន-កម្ពុជា។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៨ ធ្នូ នេះ ទូតចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា «នាថ្ងៃទី១៧ខែធ្នូ រដ្ឋបាលគយប្រទេសចិន បានប្រកាសជាផ្លូវការនូវវិធីសាស្រ្តគ្រប់គ្រងទីតាំងផលិតទំនិញ នាំចូល-នាំចេញ ក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា»។

ទូតចិន បន្ដថា ក្នុងគោលបំណងកំណត់ត្រឹមត្រូវនូវទីកន្លែងផលិតទំនិញនាំចូលនាំចេញក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីខាងលើ ជំរុញការប្រាស្រ័យទៅវិញទៅមកនៃសេដ្ឋកិច្ចពាណិជ្ជកម្ម ចិន និងកម្ពុជា។ ហើយវិធីសាស្រ្តខាងលើនេះ នឹងចូលជាធរមាន នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ៕

To Top