ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោក បានទាមទារឱ្យសភាសហរដ្ឋអាមេរិក បញ្ឈប់ទង្វើខុសឆ្គងរបស់ខ្លួន ទាក់ទងនឹងកោះតៃវ៉ាន់ ដើម្បីជៀសវាង ការនាំមកនូវការខូចខាតបន្ថែមទៀត ដល់សន្តិភាព និងស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យ កិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានជំរុញ ឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រសួងពាក់ព័ន្ធបញ្ឈប់រាល់ទម្រង់ នៃទំនាក់ទំនងយោធាជាមួយតំបន់តៃវ៉ាន់របស់ចិន ក៏ដូចជាបោះបង់ចោលការប៉ុនប៉ង ដ៏គ្រោះថ្នាក់របស់ពួកគេ ក្នុងការរារាំងការបង្រួបបង្រួម របស់ប្រទេសចិនតាមរយៈការគាំទ្រផ្នែកយោធា ដល់តៃវ៉ាន់។ .
លោក Ma បានធ្វើការកត់សម្គាល់ នៅពេលឆ្លើយតបទៅនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយទាក់ទង នឹងច្បាប់អនុញ្ញាតការពារជាតិរបស់សហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Ma បានលើកឡើងថា កងកម្លាំងប្រឆាំងចិន និងសមាជិកសភាមួយចំនួន របស់សហរដ្ឋអាមេរិក បានងាកទៅប្រើតៃវ៉ាន់ ជាកូនអុក ដើម្បីទប់ស្កាត់ការអភិវឌ្ឍន៍ របស់ប្រទេសចិន និងការស្តារជាតិឡើងវិញ ដោយហៅទង្វើរបស់ពួកគេថា “មមាជលេងជាមួយភ្លើង” ដែលនឹងត្រូវបរាជ័យ។
លោក Ma ក៏បានព្រមានអាជ្ញាធរ នៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់តៃវ៉ាន់ថា ការឃុបឃិតជាមួយកងកម្លាំងខាងក្រៅ និងការប្រើប្រាស់មធ្យោបាយយោធា ដើម្បីបដិសេធការបង្រួបបង្រួមជាតិឡើងវិញ នឹងជំរុញឱ្យតៃវ៉ាន់ធ្លាក់ទៅក្នុងគ្រោះមហន្តរាយ៕ ដោយ ឈូក បូរ៉ា