ព័ត៌មានជាតិ

សម្តេច ហេង សំរិន សំណូមពរ ពុទ្ធសាសនិក ប្រតិបត្តិ តាមព្រះពុទ្ធឱវាទ ខ្ជាប់ខ្ជួន ដើម្បីទ្រទ្រង់ថែរក្សា ព្រះពុទ្ធសាសនា

ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាត មន្រ្តីសង្ឃទូទាំងប្រទេស លើកទី២៩ នៅសាលសន្និសីទចតុមុខ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះបានសំណូមពរ ដល់ពុទ្ធសាសនិកជន ទាំងអស់ រួមគ្នា ប្រតិបត្តិតាមព្រះពុទ្ធ ឱវាទរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ ឲ្យបានខ្ជាប់ខ្ជួន តាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាព្រះសង្ឃ ឬជាគ្រហស្ថ ឧបាសក ឧបាសិកា ដើម្បីទ្រទ្រង់ និងថែរក្សាព្រះពុទ្ធសាសនា ឲ្យបានរីកចម្រើន ព្រោះព្រះពុទ្ធសាសនារីកចម្រើន ឬចុះអន់ថយ អាស្រ័យលើពុទ្ធបរិស័ទ ។

សម្តេចបានសំណូមពរបន្តថា ថ្នាក់ដឹកនាំព្រះពុទ្ធសាសនាទាំងអស់ ត្រូវបន្តការប្រកាន់ខ្ជាប់នូវការយោគយល់គ្នា គោរពគ្នាតាមឋានានុក្រម សំដៅធ្វើឲ្យមានការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា និងសូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បន្តយកចិត្តទុកដាក់ ស្វាធ្យាយរៀនសូត្រព្រះធម៌ វិន័យ និងប្រតិបត្តិឲ្យសមជាស្រែបុណ្យ សម្រាប់ជាទីសក្ការៈរបស់ពុទ្ធបរិស័ទ។

សម្តេចប្រធានរដ្ឋសភា ក៏បានកោតសរសើរ ចំពោះក្រសួងធម្មការ និងសាសនា និងគណៈសង្ឃទាំងពីរគណៈព្រមទាំង ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នា យ៉ាងសកម្ម ក្នុងការទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា ឱ្យមានការរីកចម្រើន ស្របទៅនឹងការវិវឌ្ឍ របស់សង្គមជាតិ នៅគ្រប់កាលៈទេសៈ ។

សូមបញ្ជាក់ថា អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស ជាវេទិកាជួបជុំដ៏សំខាន់មួយ ដើម្បីផ្តល់នូវកាលានុវត្តភាព ក្នុងការពិគ្រោះ ពិភាក្សា និងស្វែងរកដំណោះស្រាយ លើបញ្ហាបច្ចុប្បន្នភាព ដែលជាកត្តាចាំបាច់សម្រាប់អនុវត្តនា ឆ្នាំបន្តបន្ទាប់។ ដោយសារការរាតត្បាត ជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០ អនុសំវច្ឆរមហាសន្និបាត មន្រ្តីសង្ឃទូទាំងប្រទេស ពុំបានរៀបចំកម្មវិធី សន្និបាតនោះឡើយ ៕

To Top