ព័ត៌មានអន្តរជាតិ

វៀតណាម​ ស្នេីកម្ពុជា​ បេីកច្រកទ្វារ ព្រំដែនមួយចំនួន ឡេីងវិញ​ និងតំឡេីង ច្រកទ្វាថ្មីបន្ថែម

ភ្នំពេញ​ ៖​ លោក​ Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានស្នេីកម្ពុជា​ រៀបចំបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ​ ព្រមទាំង​ ពិភាក្សាគ្នារវាងប្រទេសទាំងពីរ​ ដើម្បីតំឡេីងច្រកទ្វារព្រំដែនថ្មីបន្ថែមទៀត។

ក្នុងជំនួបពិភាក្សាគ្នាជាមួយលោក សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ២០២១​លោក​ Nguyen Minh Vu បានអបអរសាទរដល់កម្ពុជាយកឈ្នះលើជំងឺកូវីដ-១៩​ យ៉ាងធំធេង ខណៈវៀតណាម​ កំពុងតែមានការប្រឈមកាន់តែខ្លាំងឡើងដដែល។

លោក​ បានបញ្ជាក់ថា​ «មានគោលបំណង ស្នើដល់ភាគីកម្ពុជា ជួយពិនិត្យលទ្ធភាពរៀបចំបើកនូវច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ ដែលមានច្រកទ្វារព្រំដែនមួយចំនួនមិនទាន់បានបើកដំណើរការនៅឡើយ ហើយក៏ដូចជាស្នើឱ្យមានការពិនិត្យ និងពិភាក្សាគ្នារវាងប្រទេសទាំងពីរ ដើម្បីរៀបចំឱ្យមានការតម្លើងនូវច្រកទ្វារព្រំដែនថ្មីបន្ថែមទៀត ព្រមទាំងស្នើឱ្យកម្ពុជាសហការរួមគ្នារៀបចំកិច្ចការងារពាក់ព័ន្ធមួយចំនួននៅតាមខ្សែបន្ទាប់ព្រំដែននៃប្រទេសទាំងពីរ ធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរមានស្ថេរភាពជានិរន្ត៍»។

ជាការឆ្លើយតប លោក សុខ ផល ទទួលយកសំណើ របស់ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ហើយពិនិត្យមើល និងប្រជុំពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងសម្រេចបន្ត។ លោក និងពិនិត្យមើលឡើងវិញដើម្បីរៀបចំការងារបើកច្រកទ្វារព្រំដែននៃប្រទេសទាំងពីរ ដើម្បីជួយសម្រួលដល់ការរស់នៅ និងទំនាក់ទំនងដោះដូរទំនិញរបស់ប្រទេស ពលរដ្ឋទាំងពីរមានភាពល្អប្រសើរឡើងវិញ។

នាឱកាសនោះដែរ​ លោករដ្ឋលេខាធិការ​ ក៏បានបញ្ជាក់ថា​ ស្ថានភាពនៃប្រទេសកម្ពុជាបច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងតែបើកដំណើរការប្រទេសឡើងវិញស្ទើរទាំងស្រុង បន្ទាបពីកម្ពុជាមានស្ថានភាពធូរស្រាល ដែលបានទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ បានជោគជ័យ។

លោក​ បានបន្តថា បន្ទាប់ពីការបើកប្រទេសឱ្យដំណើរការឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ និងពិនិត្យមើលឡើងវិញនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការនានា ជាមួយប្រទេសវៀតណាម បន្តទៀត ជាពិសេសការងារ បើកច្រកព្រំដែនរវាងប្រទេសទាំងពីរ ឱ្យដំណើរការឡើងវីញផងដែរ៕

To Top