ព័ត៌មានអន្តរជាតិ

ប្រទេសកាតា ផ្តោតគោលដៅវិនិយោគ១០ ពាន់លានដុល្លារ ក្នុងកំពង់ផែអាមេរិក

បរទេស៖ ប្រភពហិរញ្ញវត្ថុចំនួន៣បាននិយាយថា ប្រទេសកាតា មានគម្រោងវិនិយោគយ៉ាងតិច១០ពាន់លានដុល្លារ ក្នុងកំពង់ផែសហរដ្ឋអាមេរិក និងបានចូលទៅរកធនាគារអន្តរជាតិ សុំជំនួយផ្នែកហិរញ្ញវត្ថុ ហើយក្នុងការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធនេះ ឆ្លុះបញ្ចាំងឲ្យឃើញនូវចំណងមិត្តភាពកាន់តែស៊ីជម្រៅងរបស់កាតាជាមួយទីក្រុងវ៉ាស៊ីនតោន។


ប្រភពពីលោកខាងលិចនិងពីតំបន់មជ្ឈិមបូព៌ា ដែលដឹងពីរឿងនេះ បាននិយាយថា ទីក្រុងដូហា កំពុងតែផ្តោតគោលដៅវិនិយោគក្នុងកំពង់ផែនៅជុំវិញតំបន់ឆ្នេរខាងកើតរបស់សហរដ្ឋអាមេរិក ដែលត្រូវបានគេរំពឹងថា នឹងត្រូវធ្វើការអភិវឌ្ឍជាដំណាក់កាល និងបានបន្ថែមថា គម្រោងនោះ នៅក្នុងពេលបច្ចុប្បន្ននេះ គឺស្ថិតនៅក្នុងដំណាក់កាលបឋម។


លោក Michael Frodl ជាទីប្រឹក្សាមានមូលដ្ឋាននៅអាមេរិក ស្តីពីគម្រោងនានារួមទាំងសន្តិសុខដែនសមុទ្រ ពាណិជ្ជកម្មនិងហេដ្ឋារចនាសម្ព័ន្ធ ដែលបានដឹកពីយុទ្ធសាស្ត្ររបស់ កាតា បានមានប្រសាសន៍យ៉ាងដូច្នេះថា “កាតាកំពុងតែត្រៀមរៀបចំអស់រយៈពេលជិតមួយឆ្នាំ ធ្វើតេស្តទឹក ជាមួយការវិនិយោគលើកំពង់ផែសហរដ្ឋអាមរិក”។


លោកបន្តថា “យើងគិតថា អ្នកវិនិយោគដ៏ឆ្លាតម្នាក់ មានទឹកប្រាក់១០ពាន់លានដុល្លារនោះ ដែលកាតាចង់ដាក់ទៅក្នុងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសហរដ្ឋអាមេរិកនោះ ទំនងនឹងសម្លឹងមើលឃើញតំបន់ឆ្នេរខាងកើតជាដំបូងបង្អស់។ តំបន់ឆ្នេរខាងលិច កំពុងតែទទួលបានការចាប់អារម្មណ៍លើការវិនិយោគទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងឯកជនទាំងអស់ ក្នុងខណៈដែលតំបន់ឆ្នេរខាងកើត ត្រូវបានទុកចោលជាយូរមិនបានកែលម្អ”៕

ប្រែសម្រួល៖ប៉ាង កុង

To Top