ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាសន្តិសុខ អាមេរិក ជំរុញឲ្យរុស្ស៊ី ការបន្ថយភាពតានតឹង

បរទេស ៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក លោក Jake Sullivan បានជំរុញឲ្យប្រទេសរុស្ស៊ី កាត់បន្ថយការបង្កើនកម្លាំងទ័ព នៅតាមតំបន់ព្រំដែន ជាប់នឹងប្រទេស អ៊ុយក្រែន នៅក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ ជាមួយសហភាគីរបស់រុស្ស៊ី នាថ្ងៃចន្ទសប្ដាហ៍នេះ នេះបើតាមការចេញ ផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន Yahoo News ។

លោក Jake Sullivan បាននិយាយគ្នាជាមួយលោក Yuri Ushakov ជាទីប្រឹក្សាគោលនយោបាយបរទេស របស់លោកប្រធានាធិបតី រុស្ស៊ី វ្លាឌីមៀរ ពូទីន និងបានបង្ហាញពីការត្រៀមលក្ខណៈ របស់អាមេរិក ចូលរួមក្នុងកិច្ចការការទូត តាមរយៈបណ្ដាញជាច្រើន រួមទាំងការចូលរួមទ្វេភាគី កិច្ចប្រឹក្សាណាតូនិងរុស្ស៊ី និងអង្គការសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប OSCE ។

សេតវិមាននិយាយថា “លោកបានបញ្ជាក់ច្បាស់ថា កិច្ចពិភាក្សាគ្នាណាមួយ ត្រូវតែផ្អែកលើការមានទៅមានមក និងដោះស្រាយក្តីព្រួយ បារម្ភរបស់យើង ស្តីពីសកម្មភាពរបស់រុស្ស៊ី និងធ្វើឡើងក្នុងកិច្ចសម្របសម្រួល ទាំងស្រុងជាមួយសម្ពន្ធមិត្តនិងដៃគូអឺរ៉ុបរបស់យើង ហើយលោកក៏ធ្វើការ កត់សម្គាល់ថា ដំណើរវិវត្តទៅមុខជានិច្ច អាចកើតមានឡើងក្នុងបរិយាកាសកាត់បន្ថយភាពតានតឹង ជាជាងការបង្កើនភាពតានតឹង” ។

គួរបញ្ជាក់ថា លោក Jake Sullivan បាននិយាយគ្នាជាមួយ លោក Yuri Ushakov ចំនួន២ដងក្នុងពេលតិច ជាងមួយសប្ដាហ៍ ស្របពេលដែលអាមេរិក សម្លឹងទប់ស្កាត់ការឈ្លានពាន របស់រុស្ស៊ីទៅលើអ៊ុយក្រែន។ នៅពេលថ្មីៗនេះ រុស្ស៊ីបានប្រមូលផ្តុំកងទ័ពរាប់ ម៉ឺននាក់ នៅតាមព្រំដែន ជាប់អ៊ុយក្រែន បង្កឲ្យមានក្តីព្រួយបារម្ភថា រុស្ស៊ីអាចនឹងឈ្លានពានអ៊ុយក្រែន បន្ថែមទៀត ក្រោយការដាក់តំបន់គ្រីមាចូលជា ឧបសម្ព័ន្ធកាលពីឆ្នាំ២០១៤៕
ប្រែសម្រួល៖ប៉ាង កុង

To Top