Covid-19

វៀតណាម មានករណីឆ្លងជំងឺកូវីដ-១៩ ជាង ១៥០០០ករណី

ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៥,២១៨ករណីដែលក្នុងនោះមាន ១៥១៨២ករណី ឆ្លងក្នុងស្រុក និង ៣៦ករណីនាំចូល នេះបើយោងតាម ក្រសួងសុខាភិបាលរបស់ខ្លួន។

ក្នុងចំណោមមូលដ្ឋាននានា រដ្ឋធានីហាណូយរបស់វៀតណាម បានបន្តកត់ត្រាចំនួនអ្នកឆ្លងខ្ពស់បំផុត កាលពីថ្ងៃអាទិត្យដោយមានចំនួន ១,៩១០ ករណី បន្ទាប់មកខេត្តតៃនិញ ភាគខាងត្បូងមាន ៩២៨ ករណី និងភាគខាងត្បូងទីក្រុង Vinh Long មាន ៨៨៩ ករណី។

ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថាការឆ្លងបាននាំឱ្យ ចំនួនសរុបរបស់ប្រទេស កើនឡើងដល់ ១,៦៥១,៦៧៣ករណី ជាមួយនឹងការស្លាប់ចំនួន ៣១,២១៤នាក់។ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន ១,២៤៨,២៤០នាក់ បានជាសះស្បើយ កើនឡើង ១៨,៥៥៦នាក់។

យោងតាមក្រសួងបានឱ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រមាណ ១៤៥,៦លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី២ ជិត ៦៦លានត្រូវបានគ្រប់គ្រង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានឆ្លងកាត់រលកនៃមេរោគឆ្លងចំនួន៤ នៃការបង្កើនទំហំ ភាពស្មុគស្មាញ និងការឆ្លងមេរោគ។ ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យ ប្រទេសនេះបានចុះបញ្ជីករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកប្រហែល ១,៦៥លានករណី ចាប់តាំងពីការចាប់ផ្តើមនៃរលក បច្ចុប្បន្ននៅចុងខែមេសា ៕

ដោយ ឈូក បូរ៉ា

To Top